2023-10-18 17:32
456

ភ្នំពេញ៖ ពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក ជាប់ចោទករណីប្លន់ប្រដាប់អាវុធ បានលូចប្រើប្រាស់ទូរសព្ឌក្នុងពន្ធនាគារដោយបញ្ចេញនូវសារទៅកាន់សមាជិកសមាជិការរបស់ខ្លួននោះ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារសម្រេចដាក់ពិន័យឲ្យស្ថិតនៅក្នុងបន្ទប់រយៈពេល ០២សប្តាហ៍ មិនអនុញ្ញាតឲ្យជួបសួរសុខទុក្ខពីសំណាក់សាច់ញាតិ និងដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលើពិរុទ្ធជនរូបនេះ ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។

យោងតាមលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការបង្ហោះជាសារសម្លេងរបស់ពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang តាមបណ្តាញសង្គម កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅដែលត្រូវបានគណនីមួយចំនួនលើបណ្ដាញសង្គម TikTok យកមកបង្ហោះ និងចែកចាយតគ្នាអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជាសាធារណៈ ដូចខាងក្រោម៖

តាមការស្រាវជ្រាវពីមន្ត្រីជំនាញទូរគមនាគមន៍ សារសម្លេងទាំងស្រុងខាងលើត្រូវបានបញ្ចេញតាម ប្រព័ន្ធទូរស័ព្ទអចល័ត (ជាប់ជញ្ជាំង) សម្រាប់ជនជាប់ឃុំប្រើប្រាស់ស្របច្បាប់ កាលពីវេលាម៉ោង ១៥និង៤៧នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ពីអគារ “ក” នៃមណ្ឌលអប់រំកែបទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្រ្ត ដែលជាប្រធានស្តីទី គណបក្សខ្មែរក្រោក ទូរសព្ទលេខ ០៨៧ ៣៣៣ ៣៦២ និងត្រូវបានឈ្មោះនេះថតទុកក្នុងពេលសន្ទនា និងយកទៅបង្ហោះចែកចាយលើ គណនីបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ដោយពិនិត្យឃើញថា ទង្វើនេះជាសកម្មភាពល្មើសច្បាប់ ដូចមានចែងក្នុងចំណុចទី៦ មាត្រា៦ ថ្មី (ពីរ) ន ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ (ឆ្នាំ២០១៧) និងជាសកម្មភាពល្មើសបទបញ្ជាផ្ទៃក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានចាត់នូវវិធានការចាំបាច់ រួមមាន៖

១- ដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើបុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងឈ្មោះ មាស សុភ័ក្ត្រ ប្រធានស្តីទី គណបក្សខ្មែរ ក្រោក ករណីប្រើប្រាស់សារសម្លេង និងរូបភាពទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមឱ្យធ្វើ សកម្មភាព ដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយខ្លួន។
២- សម្រេចដាក់វិន័យជនជាប់ឃុំឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ឱ្យនៅក្នុង បន្ទប់ដាក់វិន័យ ហាមប្រើប្រាស់ប្រព័ន្ធទូរស័ព្ទអចល័ត និងមិនអនុញ្ញាតជួបសួរសុខទុក្ខជាមួយ ញាតិមិត្តខាងក្រៅ រយៈពេល០២សប្តាហ៍ ចុះកំណត់ហេតុល្មើសបទបញ្ជាផ្ទៃក្នុង និងបង្កើន ចំណាត់ថ្នាក់សន្តិសុខ។

សូមរំឭកថា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកមួយចំនួនទៀតត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យនាំខ្លួនទៅដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីលោក និងបក្ខពួកត្រូវចោទប្រកាន់ពាក់ព័ន្ធករណីប្លន់នៅក្នុងផ្ទះលោកស្រី អ៊ាន សៀវម៉ី អ្នកលក់អនឡាញ ពីបទ៖ លួចមានស្ថានទម្ងន់ទោស, បទ៖សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស, បទ៖ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទ៖ ក្លែងឯកសារសាធារណៈ៕