2023-10-19 13:50
465

 ភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមជាមួយនឹងបក្ខពួកម្នាក់ទៀតបានចូលទៅលួចរ៉ឺម៉កដឹកបន្លែនៅមុខផ្សារកាណាឌីយ៉ា រួចបើកគេចខ្លួនត្រូវម្ចាស់ឃើញទាន់ជិះម៉ូតូប្រដេញតាមពីក្រោយ រហូតមកដល់ផ្លូវសេះស ខណ្ឌមានជ័យ អ្មកលួចរុឺម៉កម៉ូតូក៏ជ្រុលទៅបុកឡំប្រឺតាក្រឡាប់ផ្ងារជើង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតដែលចតនៅលើចិញ្ចើមផ្លូវរងការខូចខាត ទើបឃាត់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនរួច។

   សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកបក្ខពួកម្នាក់ទៀត មានឈ្មោះអាហេង អាយុប្រហែលគ្នា(គេចខ្លួនបាត់)។

   បើយោងតាមការរៀបរាប់ពីជនសង្ស័យជាអ្នកដៃដល់ មានឈ្មោះម៉ៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុដោយរូបខ្លួនរួមនឹងបក្ខពួកម្នាក់ទៀត មានឈ្មោះអាហេង បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកឈប់នៅមុខផ្សារកាណាឌីយ៉ា។ក្រោយមកក៏ឃើញរ៉ឺម៉កដឹកបន្លែមួយគ្រឿងទុកចោលដែលម្ចាស់បានដើរចូលទៅក្នុងផ្សារបាត់ទៅ ។ បន្ទាប់មកជនសង្ស័យដែលជាអ្នកបិទគូទ មានឈ្មោះហេងក៏បានយកសោឱ្យទៅបក្ខពួក និងជាជនដៃដល់ រួចក៏បានជិះម៉ូតូចេញទៅមុនបាត់។ ក្រោយមកជនសង្ស័យរូបនោះក៏បានធ្វើសកម្មភាពចូលទៅលួចកាច់សោ ជិះចេញពីផ្សារមកបានសម្រេច ហើយជិះចេញមកខាងក្រៅពេលនោះដែរម្ចាស់រ៉ឺម៉កក្រឡេកឃើញទាន់ បានបើកម៉ូតូអ្នកជិតខាងឌុបគ្នាពីរនាក់ជិះប្រដេញស្រែកចោរៗពីក្រោយ ដោយជនសង្ស័យមិនព្រមឈប់នៅតែព្យាយាមបើករត់រហូតមកដល់ផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏ជ្រុលចង្កូតទៅបុកឡំប្រឺតាមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខ ព្រៃវែង 1N-8612 ជិះដោយបុរសម្នាក់ធ្វើដំណើរពីមុខស្របគ្នាពីជើងមកត្បូងចំពីក្រោយពេញទំហឹង បណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើង រួចរេចង្កូតទៅបុករថយន្តLexus RX300 ពណ៌ខ្មៅមួយគ្រឿងទៀតដែលចតនៅក្បែរចិញ្ចើមផ្លូវចំពីចំហៀងទ្វារទើបពលរដ្ឋនាំគ្នាជួយឃាត់បានតែម្តង សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកឯបក្ខពួកម្នាក់ទៀតជាអ្នកបិទគូទបានរត់គេចខ្លួនបាត់។

   បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ឱ្យចុះមកដល់ទីតាំងភ្លាមៗ រួចឃាត់ជនសង្ស័យទុកប្រគល់ឱ្យខាងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យវិញ ព្រោះកើតហេតុនៅទីនោះ។ បន្ទាប់មកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានមកដល់ក៏ដឹកជនសង្ស័យយកទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីសួរនាំនឹងចាត់ការបន្តទៅតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនបន្តទៀត៕