2023-10-19 16:56
543

ស្វាយរៀង៖ នារីៗដែលនិយមប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដើម្បីកែសម្ផស្សសូមមេត្តាប្រុងប្រយ័ត្នចំពោះសុខភាពរាល់ការទិញផលិតយកមកប្រើប្រាស់ ត្រូវពិនិត្យមើលស្លាកយីហោ និងការចុះបញ្ជីការរបស់ក្រុមហ៊ុននាំចូលនូវផលិតទាំងនោះឲ្យបានច្បាស់លាស់ក្រែងប៉ះពាល់ដល់សុខភាព។ 

ជាក់ស្តែង ទីតាំងលួចលាក់ធ្វើសកម្មភាពកែច្នៃលាយឡេល្មើសច្បាប់មួយកន្លែង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបដោយដកហូតឡេក្លែងក្លាយ និងសារធាតុផ្សំជាង ២តោនម្ចាស់ទីតាំង និងមេការត្រូវបានឃាត់ខ្លួនយកទៅសួរនាំបន្ថែម ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ 

ប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងផលិតឡេក្លែងក្លាយមានឈ្មោះ ញឹម សារិន ភេទស្រី អាយុ ៥០ឆ្នាំ និងលោក សុខ តាយ អាយុ ២៧ឆ្នាំ ជាមេការ ត្រូវបានឃាត់ខ្លួនយកមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ 

តាមសេចក្តីរាយការណ៍បានឲ្យដឹង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ, មន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង, ស្នងការនគរបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឆ្មក់ចូលបង្ក្រាបករណីផលិត និងវេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ ស្ថិតនៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ក្នុងភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចចម្រុះរកឃើញ និងឡេលាបខ្លួន ម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម, ឡេលាបមុខ TD Night cream ផលិតផលសម្រេច ៤០០គីឡូក្រាម, ម៉ាស៊ីនក្រឡុកឡេ ចំនួន ៣៦គ្រឿង, វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេ ចំនួន ០៩មុខ ស្មើ១,៨៦៨ គីឡូក្រាម, សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម, ប្លាស្ទិកវេចខ្ចប់ ១៣កេស, និងសំបកខ្លងសម្រាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។

បច្ចុប្បន្ន ម្ចាស់ទីតាំង និងមេការត្រូវយកមកសាកសួរនៅស្នងការដ្ឋានខេត្តស្វាយរៀង។ ឃ្លាំងផលិតឡេត្រូវសម្រេចបិទឃ្លំបេជាបណ្តោះអាសន្ន និងរឹបអូសវត្ថុតាងយកមករក្សាទុក ដើម្បីកសាងសំណុំចាត់ការតាមនិតិវិធ៕