2023-10-19 17:00
600

ខេត្តតាកែវ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញបានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។ 

សកម្មភាពនេះដឹកនាំដោយ លោក អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីក្រុមមន្ត្រីអធិការកិច្ចការងារ និងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ។ 

គួរជម្រាបថា រោងចក្រសហគ្រាសទាំង៣ខាងលើបានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ។ 
ទី១. ក្រុមហ៊ុន ភីវី អ៊ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប៥៨៧នាក់ (ស្រី៤០៥នាក់) ។ 
ទី២. ក្រុមហ៊ុន លីន តុន មេនូហ្វេកឆឹរីង (ដេរកាបូប) មានកម្មករសរុប១៥៤នាក់ (ស្រី១១២នាក់)។ 
ទី៣. សហគ្រាស ជុនដាអ៊ិន អេចអែម (បោះពុម្ព) មានកម្មករសរុប២០នាក់ (ស្រី៨នាក់)។

ក្នុងការចុះពិនិត្យទីតាំងខាងលើ លោកអនុរដ្ឋលេខាធិការបានជួបជាមួយតំណាងរោងចក្រ សហគ្រាស ដោយបានសម្ដែងការសោកស្តាយចំពោះការប៉ះពាល់ដោយគ្រោះធម្មជាតិនេះ និងបានទទួលយកសំណូមពរពីរោងចក្រ សហគ្រាសដែលស្នើសុំដល់អាជ្ញាធរជួយពន្លឿនបង្ហូរទឹកចេញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។ 

លោក អ៊ុក ចាន់ធូ ក៏បានស្នើដល់រោងចក្រ សហគ្រាសបន្តយកចិត្តទុកដាក់សម្របសម្រួល និងគិតគូរដល់កម្មករនិយោជិតអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។ 

ដោយឡែក ចំពោះកម្មករនិយោជិតដែលមានផ្ទះរងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវក៏បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាសសូមពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិតផងដែរ៕