ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា៖ មន្ត្រីសាខា ក.ប.ប ខេត្តត្បូងឃ្មុំ ធ្វើការកម្ទេចចោលនូវពងមាន់ខូចគុណភាពប្រមាណជាង ៣ ម៉ឺនគ្រាប់ នៅទីតាំងដីឡូត៍មួយកន្លែង ភូមិស្រះទឹក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលឈ្មួញទុច្ចរិតបានលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះមន្ត្រីសាខា ក.ប.ប ខេត្តត្បូងឃ្មុំ សហការជាមួយសាខាគយ និងរដ្ឋាករខេត្ត កាលពីថ្ងៃទី ១៨ ខែតុលាម្សិលមិញនេះ បានធ្វើការកម្ទេចចោលនូវពងមាន់ខូចគុណភាពប្រមាណ ៣២,០០០ គ្រាប់ នៅទីតាំងដីឡូត៍មួយកន្លែង ក្នុងភូមិស្រះទឹក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយប្រតិបត្តិការចប់ ពងមាន់ខូចគុណភាពទាំងអស់នេះ ត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធប្រចាំតំបន់ ៦ នៃសាខាគយ និងរដ្ឋាករខេត្ត ស្ទាក់ចាប់បាន ខណៈឈ្មួញទុច្ចរិតលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង ហើយដើម្បីចៀសវាងកុំឲ្យមានការចរាចរចូលទីផ្សារជាយថាហេតុនាំឲ្យប៉ះពាល់ដល់សុខភាព មន្ត្រីជំនាញ ឯកភាពចាត់វិធានការកម្ទេចចោលតាមនីតិវិធី៕