សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ក្នុងឱកាសប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស លោក ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានណែនាំ និងផ្តាំផ្ញើទៅដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន៦ ឲ្យបានខ្ជាប់ខ្ជួន។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រីទ្ធ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ជឺ សុខ ដែលបានដឹកនាំសាលាដំបូងខេត្តសៀមរាបកន្លងទៅនេះ និងថ្នាក់ដឹកនាំនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលបានរួមចំណែកក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។
ការណែនាំ និងផ្តាំផ្ញើរដល់មន្ត្រីតុលាការ និងមន្ត្រីរាជការពាក់ព័ន្ធទាំង ៦ចំណុចរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមមានដូចខាងក្រោម៖
១- ត្រូវពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម ពិសេស ការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។ ចំពោះជនបរទេសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជា ការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។
ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនផងដែរថា នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬការឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ ២ (ដែលមានសញ្ជាតិមួយជាសញ្ជាតិខ្មែរ), សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវធ្វើការជូនដំណឹងទៅស្ថានទូតបរទេសដោយផ្អែកតាមអនុសញ្ញាទីក្រុងវីយ៉ែនទេ ព្រោះត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានសង្កត់ធ្ងន់ផងដែរថា ការជូនដំណឹងទៅស្ថានទូតបរទេស មានន័យស្មើនឹងការឱ្យតម្លៃដល់សញ្ជាតិគេជាងសញ្ជាតិខ្មែររបស់យើង។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់កំណត់អត្តសញ្ញាណរបស់ជនល្មើសឱ្យបានច្បាស់លាស់។
២- ត្រូវប្រកាន់ខ្ជាប់នូវអនាគតិ នៅពេលជំនុំជម្រះរឿងក្តី ពោល គឺការវៀរចាកនូវអគតិទាំង៤ គឺ៖ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ព្រមទាំងប្រកាន់យកនូវសុគតិធម៌ទាំង៥ គឺ៖ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ។
៣- ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាំង៤ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោល គឺ៖ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ដើម្បីធ្វើជាគោលការណ៍ នៃអភិបាលកិច្ចការងារក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជា ដើម្បីចូលរួមជាមួយការងារកែទម្រង់វិស័យយុត្តិធម៌ឱ្យទទួលបានជោគជ័យ។
៤- ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពធនធនមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ហើយក្រសួងយុត្តិធម៌អាចផ្តល់ជាការគាំទ្រជាបច្ចេកទេសតាមតម្រូវការចាំបាច់។ បន្ថែមពីនេះ, សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវរៀបចំនូវសមាសភាពមន្ត្រីបច្ចេកទេស និងមន្ត្រីរដ្ឋបាលរបស់ខ្លួន ដែលនឹងត្រូវទទួលការបណ្តុះបណ្តាលបន្ត ដែលនឹងរៀបចំឡើងដោយក្រសួងយុត្តិធម៌នាពេលខាងមុខ។ ម្យ៉ាងទៀត, មន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចសម្របខ្លួនបានទាន់ទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
៥- ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ងាយយល់ និងមានសំអាងហេតុ សំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាផ្តល់យុត្តិធម៌ដល់ភាគីដែលបានឈ្នះក្តី។
៦- ត្រៀមលក្ខណៈទាំងផ្នែកបច្ចេកទេស ទាំងផ្នែករដ្ឋបាល និងធនធានមនុស្ស ដើម្បីចូលរួមអនុវត្តឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ប្រកបដោយឆន្ទៈមោះមុត ស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា។
ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្ត, អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នាពេលកន្លងមក និងបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្តល់កិត្តិយសយ៉ាងឧត្តុង្គឧត្តមក្នុងការបំពាក់គ្រឿងឥស្សរយយសដល់ចៅក្រម ព្រះរាជអាជ្ញារង និងមន្ត្រីរាជការនៃសាលាដំបូងខេត្តសៀមរាបសរុបចំនួន ០៧រូបផងដែរ៕