ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សិទ្ធិរបស់ជនពិការត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្មភាពនានាដែលបង្ហាញថា “គ្មានការរើសអើង” ចំពោះជនដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជាឡើយ។
នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងបែបនេះ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពី កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទ នៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេះ
នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការពិការភាព នាឱកាសទស្សនាស្តង់ពិព័ណ៌របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងបានសន្យាថា “នឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន”។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជម្រាបជូននាយករដ្ឋមន្ត្រីស្តីទីថា វិស័យពិការភាពមានការរីកចម្រើនខ្លាំងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋន្ត្រីបច្ចុប្បន្នសម្តេចមហាបវរសេនាធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់ជនមានពិការភាពនៅកម្ពុជា។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបន្ថែមទៀតថា ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន តែងបានគិតគូរពីសុខមានលភាពជនមានពិការភាពជានិច្ច។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងនាឱកាសនោះថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមាន ចំនួន ៣ ៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាព ចំនួន ៥ ៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។
ជាក់ស្តែងព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជាយើង និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអគ្នេយ៍លើកទី១២ ដែលហៅកាត់ថា “អាស៊ានប៉ារ៉ាហ្គេម” ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះទទួលបានភាពជោគជ័យយ៉ាងត្រចះត្រះលើឆាកអន្តរជាតិ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានរអំពាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
នាយករដ្ឋមន្ត្រីស្តីទី បានបន្តអំពាវនាវឱ្យមានការចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីន ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំឱ្យចូលរួមធ្វើការផ្សព្វផ្សាយ ស្តីពី ការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕