(សៀមរាប)៖ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយដល់ ក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅតាមបណ្តាឃុំ សង្កាត់ទូទាំងខេត្តសៀមរាប និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានពាំនាំនូវការសាកសួរសុខទុក្ខពីលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលលោកតែងតែចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ និងគិតគូរខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះក៏ដូចជាពលរដ្ឋងាយរងគ្រោះក្នុងខេត្ត និងបានអរគុណចំពោះលោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មមាញឹកក្នុងភារកិច្ចការងារ អញ្ជើញមកចូលរួមទទួលការយល់ដឹងពីការងារមនុស្សធម៌ តាមរយៈវគ្គសិក្សានេះផងដែរ។
លោកស្រី ទុយ ជិ បានបន្តថា ក្រោយពីបានបញ្ចប់វគ្គនេះទៅ សូមឱ្យយកចំណេះដឹងនេះទៅអនុវត្ត និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសហគមន៍បានយលដឹងកាន់តែច្រើន។ គណៈកម្មាធិការអនុសាខាក្រុង/ស្រុក សូមយកចិត្តទុកដាក់ជំរុញ និងពង្រីកសមាជិកភាពកាកបាទក្រហមកម្ពុជា ក្នុងស្រុករបស់ខ្លួមតាមគោលការណ៍ណែនាំ ជួយទ្រទ្រង់សកម្មភាព ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត និងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា ក្នុងរដ្ឋបាលដែនដី របស់ខ្លួនឱ្យមានសកម្មភាពល្អ។
ជាមួយគ្នានេះ ជនក្រីក្របំផុត អ្នកចាស់ជរាគ្មានទីពឹង ជនពិការក្រីក្រ អ្នកជំងឺអេដស៍ ត្រូវគ្រប់គ្រងឱ្យបានច្បាស់ ងាយស្រួលក្នុងការជូនយោបល់ពិភាក្សាដោះស្រាយក្នុងករណីចាំបាច់។ ម៉្យាងទៀតការដោះស្រាយ ករណីរងគ្រោះក៏សូមយកចិត្តទុកដាក់អប់រំ រំលឹកដល់ប្រជាពលរដ្ឋឱ្យចេះការពារខ្លួន និងក្រុមគ្រួសារពីគ្រោះមហន្តរាយ ពីគ្រោះថ្នាក់ផ្សេងៗ ថែទាំសុខភាព ការពារជំងឺរាតត្បាតនានា ជាក់ស្ដែងជំងឺគ្រុនឈាម បច្ចុប្បន្ននេះ ក៏ដូចជា ការអប់រំពីសុវត្ថិតភាព ចរាចរណ៍ និងចេះការសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងពេលមានអាសន្នផ្សេងៗផងដែរ៕