2023-10-20 13:31
519

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។

 សមត្ថកិច្ចអាវុធហត្ថប្រាប់ថាៈនៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង០៨នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខការាសសាំងPTT ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈុន គឹមឈាន (ហៅម៉ៃ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ 

លោក បញ្ជាក់ថា កាលពីវេលាកើតហេតុ មានក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នាប្រហែលចំនួន០៩នាក់ ម៉ូតូចំនួន០៤គ្រឿង ធ្វើសកម្មភាពដេញកាប់ និងគប់គ្នា នៅចំណុចមុខការាសសាំងPTT ក្រោយពីធ្វើសកម្មភាពរួចក្រុមទាំងពីរជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ កំណត់បាននូវមុខសញ្ញា ក្មេងទំនើងទាំង២ក្រុម ១-ក្រុមDL(ដីឡូត៍), ២-ក្រុមOMB(អូរអំបិល) បន្ទាប់ពីកំណត់មុខសញ្ញាបានហើយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនបានក្មេងទំនើងម្នាក់ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនជាសមាជិកក្នុងក្រុមDL (ដីឡូត៍) ហើយកន្លងមកក្រុមរបស់ខ្លួន ពុំដែលមានទំនាស់ជាមួយក្រុមOMB(អូរអំបិល)នោះទេ។ នៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណ៣ទាបភ្លឺខ្លួននិងបក្ខពួកមកពីដើរលេងនៅផ្សាររាត្រី ពេលជិះម៉ូតូមកដល់ចំណុចការាសសាំងPTT ក៏បានជួបនិងក្រុមOMB(អូរអំបិល) មានម៉ូតូ៣គ្រឿងជិះដេញកាប់ពួកខ្លួនតែម្តង។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 
បច្ចុប្បន្នជន សង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕