2023-10-20 13:56
379

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរក្រុងបន្តកិច្ចសហការគ្នាក្នុងការដោះស្រាយគម្រោងផែនការនានាដែលនៅសេសសល់ឲ្យបានទាន់ពេលវេលា។ លោកបានថ្លែងដូចនេះនៅក្នុងកម្មវិធី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២៣ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាក្រុងស្ទឹងសែន។

លោកបានលើកឡើងថា ពាក់ព័ន្ធនិងគម្រោង ADB លូទឹកស្អុយរដ្ឋបាលក្រុងស្ទឹងសែន ត្រូវធ្វើកិច្ចសហការគ្នាជាមួយក្រុមហ៊ុន មន្ទីរជំនាញដើម្បីធ្វើការបូកសរុបកិច្ចការនេះព្រមទាំងធ្វើការវែកញែកពិភាក្សាឱ្យបានល្អិតល្អន់ ដើម្បីពន្លឿនក្នុងការដោះស្រាយបញ្ហានេះដល់បងប្អូនប្រជាពលរដ្ឋឲ្យបានលឿនបំផុតចៀសវាងមានការរិះគន់ដោយប្រការណាមួយ។

លោកបានបន្តទៀតថា មកទល់នឹងពេលនេះបញ្ហាអត្រានុកូលដ្ឋាននៅតែជាបញ្ហាមួយស្មុគស្មាញដដែល ដែលទាមទារឲ្យមន្ត្រីជំនាញធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ពីបញ្ហានេះ។ ដូចនេះលោកជំរុញឲ្យ រដ្ឋបាលក្រុង សហការគ្នាក្រុមការងារជាមួយអធិការក្រុងធ្វើការរឿងនេះ ហើយដោយកន្លងមកយើងមានវេទិកាផ្សព្វផ្សាយទាក់ទងនឹងភូមិឃុំមានសុវត្ថិភាព ដែលយើងត្រូវធ្វើនៅតំបន់មូលដ្ឋានផ្ទាល់កន្លែងនេះ ហើយដែលយើងត្រូវពន្យល់ឱ្យគាត់យល់ច្បាស់លាស់ ពីការធ្វើអត្រានុកូលដ្ឋានដើម្បីកុំឲ្យមានការយល់ច្រឡំអំពីកំហុស និងនីតិវិធីនេះហើយមានការចោទប្រកាន់ថា មន្ត្រីរបស់យើងមិនធ្វើការហើយនេះ ជាសមត្ថភាពរបស់មន្ត្រីយើង។

បន្ថែមពីនេះលោកបានសង្កត់ធ្ងន់ទៅលើការប្រមូលពន្ធចូលថវិការរដ្ឋដែលទាមទារឲ្យជំនាញធ្វើការពន្យល់ និងបកស្រាយដោយងាយៗដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ពីការបង់ពន្ធនេះថា តើប្រភេទពន្ធមានអ្វីខ្លះ ដូចជាពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីទុក្ខទំនេរ ហើយនេះគឺជាបញ្ហា ហើយឯកឧត្តមជំរុញឱ្យជំនាញត្រូវតែធ្វើការសហការជាមួយវិទ្យុជាតិកំពង់ធំនៅក្នុងកម្មវិធី សន្ទនាមតិ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ សួរនាំពន្យល់ដល់គាត់ឲ្យបានច្បាស់លាស់។

នៅចុងបញ្ចប់អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរក្រុងពិនិត្យពិនិត្យមើលទៅលើល្បែងស៊ីសងគ្រប់ប្រភេទដែលថ្មីៗនេះ មានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ ដែលតម្រូវឲ្យមានការតាមដាននិងត្រួតពិនិត្យឡើងវិញ។ ហើយម្យ៉ាងវិញទៀតថ្មីៗនេះ មានសកម្មភាពចោរកម្មលួចខ្សែភ្លើង ដូច្នេះហើយរដ្ឋបាលក្រុងព្រមទាំងស្នងការត្រូវតែពង្រឹងកិច្ចការនេះ ឲ្យបានល្អប្រសើរឡើងវិញមន្តពិធីបុណ្យអុំទូកឈានចូលមកដល់៕