2023-10-20 16:22
466

ខេត្តកំពង់ស្ពឺ៖ គណៈកម្មការសហគមន៍ព្រៃឈើប្រាំបីមុម សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលដើរល្បាតតាមចម្ការអំពៅកំពង់ស្ពឺ ស៊ូហ្គ័រកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភ្នំអកព្រលស្រុកថ្ពង រុករកដកអន្ទាក់បានចំនួន៤៨អន្ទាក់ យកមករក្សាទុកនៅទីស្នាក់ការសហគមន៍ ។

គួររំឮកថា គណៈកម្មការសហគមន៍ព្រៃឈើប្រាំបីមុម បានឲ្យដឹងថា សត្វទន្សោងនៅក្នុងព្រៃសហគមន៍ប្រាំបីមុម បានងាប់ជាច្រើនក្បាល ដោយសារការដាក់អន្ទាក់ក្នុងក្រុមហ៊ុនចម្ការអំពៅ កំពង់ស្ពឺ ស៊ូហ្គ័រ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ តំណាងសហគមន៍ប្រាំបីមុម បានឲ្យ ដឹងទៀតថា សហគមន៍បានប្រទះឃើញសត្វទន្សោងងាប់ជាបន្តបន្ទាប់ ដោយសត្វទន្សោងទាំងនេះ បានជាប់អន្ទាក់ក្នុងដីក្រុមហ៊ុនចម្ការកំពង់ស្ពឺសូហ្គ័រ ហើយរត់ចូលមកក្នុងព្រៃសហគមន៍ ។ សត្វទន្សោងខ្លះ បានរត់មកទាំងជាប់អន្ទាក់ជើង ក៏មាន។

ជាក់ស្តែង នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ គណៈ កម្មការសហគមន៍ព្រៃឈើប្រាំបីមុម សហការជាមួយកម្លាំងប្រជាការពារភូមិដេញចាប់សត្វទន្សោងស្ទាវមួយក្បាល ដែលជាប់អន្ទាក់ជើងដើម្បីកាត់ខ្សែអន្ទាក់ចេញ នឹងដាក់ថ្នាំព្យាបាលរបួស ។ ប៉ុន្តែ គួរឲ្យសោកស្ដាយថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សត្វទន្សោងមេ១ក្បាលជាប់អន្ទាក់ព្រានទាំងជើងមុខទាំងជើងក្រោយដាច់ខ្សែរស់នៅលំបាកវេទនាអស់ជាច្រើនខែ ឥឡូវត្រូវបានស្លាប់បាត់បង់ជីវិតដោយសាស្នាដៃពួកព្រានដាក់អន្ទាក់បាត់ហើយ។

ដោយឡែក កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការសហគមន៍ប្រាំបីមុមដើរល្បាតបានជួបសត្វទន្សោងឈ្មោល១ក្បាលបានស្លាប់ ដោយសារ ជាប់អន្ទាក់ពួកព្រានមកស្លាប់នៅក្នុងតំបន់អភិរក្ស។
តំណាងសហគមន៍បានបន្ថែមទៀតថា កន្លងមកសហគមន៍បានសហការជាមួយសន្តិសុខយាមចម្ការអំពៅកំពង់ស៊ូហ្គារ ហើយបានចូលដោះអន្ទាក់ជាបន្តបន្ទាប់ ប៉ុន្តែ ក្រោយមកសន្តិសុខក្រុមហ៊ុនមិនអនុញ្ញាតឲ្យសហគមន៍ចូល ល្បាតដើម្បីដោះអន្ទាក់ទៀតទេ ។ លើសពីនេះទៅទៀត បានធ្វើការគំរាមកំហែងសហគមន៍ថែមទៀតផង៕