ទីស្តីការក្រសួង៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋលេខាធិការ ពៅ ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការធានារ៉ាប់រងជាកាតព្វកិច្ចជូនដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដឹកជញ្ជូនផ្លូវគោកជញ្ជូនផ្លូវគោក ឯកឧត្តម អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា តំណាងសមាគមធានារ៉ាប់រងសមាគមដឹកជញ្ជូន ក្រុមហ៊ុន ធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន មន្រ្តីពាក់ពាក់ព័ន្ធ និងអង្គភាពភាគីពាក់ព័ន្ធសរុបប្រមាណ១២០រូប។
សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងផ្សព្វផ្សាយដល់សមាជិកសមាគម និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអំពីកាតព្វកិច្ចធានារ៉ាប់រងលើយានយន្តធ្វើ អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញកម្ពុជា ពិភាក្សាលើបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក និងយន្តការដោះស្រាយនានា ដើម្បីឱ្យការអនុវត្តបានកាន់តែល្អប្រសើរ និងមានតម្លាភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងលើការអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រងលើយានយន្តដឹកជញ្ជូនអ្នកដំណើរនិងទំនិញ និងបានជំរុញការផ្សព្វផ្សាយដល់ប្រតិបត្តិករដឹកជញ្ជូនអំពីការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងភារកិច្ចទទួលខុសត្រូវយានយន្ត ឬធានារ៉ាប់រងតតិយជន និងកាតព្វកិច្ច ធានារ៉ាប់រងការដឹកជញ្ជូនអ្នកដំណើរ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានជំរុញលើកទឹកចិត្តផងដែរឱ្យនិយ័តករធានារ៉ាប់រងកម្ពុជាពិនិត្យមើលការអនុវត្តកាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រងឱ្យបានច្បាស់លាស់ ដើម្បីឱ្យការប្រើប្រាស់សេវាធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញកាន់តែមានភាពល្អប្រសើរ៕