2023-10-20 17:09
454

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះថា ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការខណ្ឌទួលគោក បានសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក នាវេលាម៉ោង ១រសៀល ថ្ងៃទី១៨ ខែតុលាម្សិលមិញនេះ បានសហការជាមួយសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌក្រុង ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចដីឡូតិ៍លេខ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ផ្លោះរបងចូលទៅក្នុងផ្ទះលួចយកម៉ាស៊ីនត្រជាក់ ម៉ាក PANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន ០១) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦ ផ្លូវលេខ២៨៥ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង២៥នាទី បានបញ្ជូនមកធ្វេីការសាកសួរ៖ 
ចំពោះជនសង្ស័យទាំង ២នាក់ខាងលើរួមមាន៖ ទី១-ឈ្មោះ សុខ វិត ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ វ៉ន ខេង ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ ចំណែកឯសម្ភារៈចាប់យក ទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ ខ្មៅ ចំនួន០១គ្រឿង, កុំព្យូទ័រយួរដៃ(ឡេបថប់) ម៉ាកACER ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង។

រឺឯជនរងគ្រោះមានឈ្មោះ ទិត្យ កុសល្យ ភេទ ប្រុស អាយុ ៤១ ឆ្នាំ  ជនជាតិ ខ្មែរ  មុខរបរ គ្រប់គ្រងខ្សែរថភ្លើង មានទីលំនៅបច្ចុប្បន្នបូរីប៉េងហួត ផ្ទះលេខ២៤ ផ្លូវលេខអឺ១១ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់រួមមាន៖ម៉ាស៊ីនត្រជាក់ ម៉ាក PANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន ០១។  

ហេតុការណ៍ៈ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង ២៥ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ផ្លោះរបងចូលទៅក្នុងផ្ទះលួចយកម៉ាស៊ីនត្រជាក់ម៉ាកPANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន ០១) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦ ផ្លូវលេខ២៨៥ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ឈ្មោះ សុខ វិត ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ វ៉ន ខេង ហៅឆ្កឹះ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ខ្មៅ ភេទ ប្រុស អាយុប្រហែល ២៨ ឆ្នាំជនជាតិខ្មែរ បាននាំគ្នាដើរចេញពីម្តុំផ្សារមាន់អាំង គោលបំណងដើររើសអេតចាយ និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមដងផ្លួវក្នុងរាជធានីភ្នំពេញ។ 

លុះដល់វេលាម៉ោងកើតហេតុជនសង្ស័យនាំគ្នាដើរ មកដល់ចំណុចកើតហេតុ ក៏បានឃើញផ្ទះរបស់ជនរងគ្រោះចាក់សោរបង ហើយស្ងាត់ពុំមានមនុស្សរស់នៅ ជនសង្ស័យឈ្មោះ សុខ វិត និងឈ្មោះ ខ្មៅ ក៏បាននាំគ្នាផ្លោះរបងចូលទៅក្នុងផ្ទះ ចំណែកឈ្មោះ វ៉ន ខេង ហៅ ឆ្កឹះ ឈរចាំនៅខាងក្រៅជាអ្នកមើលផ្លូវ។ បន្ទាប់ពីផ្លោះរបងចូលទៅក្នុងផ្ទះរួចហើយ ជនសង្ស័យឈ្មោះ សុខ វិត និងឈ្មោះ ខ្មៅ បានធ្វើសកម្មភាពលួចដោះយកម៉ាស៊ីនត្រជាក់ម៉ាក PANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន០១ រួចផ្លោះរបងយកម៉ាស៊ីនត្រជាក់ ចេញមកខាងក្រៅវិញ ហើយគេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងសម្ភារៈខាងលើ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕