2023-10-20 17:38
525

(កំពង់ស្ពឺ)៖ លោក កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាធិបតីភាពប្រកាសផ្ទេរ និងតែងតាំងឱ្យកាន់តំណែងលោក ស៊ិន វិរៈ ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ មកជាព្រះរាជសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ចាតសូ រស្មី ដែលត្រូវផ្ទេរទៅកាន់សាលាដំបូងខេត្តកោះកុង។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរក៏ដូចសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាសាធារណជូនដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព និងតម្លាភាព រហ័ស ទទួលបានការជឿទុកចិត្ត។ ទន្ទឹមនឹងនោះត្រូវបង្កើនដោះស្រាយទំនាស់ផ្សេងៗនៅក្រៅប្រពន្ធ័តុលាការ ប្រសើរជាងការប្តឹងទាមទារឱ្យ មានការកាត់ក្តីពីប្រពន្ធ័ច្បាប់ ខាតបង់ពេលវេលាប្រាក់កាស។

លោក កើត រិទ្ធិ បានលើកឡើងថា ការដោះស្រាយវិវាទនៅក្រៅប្រពន្ធ័តុលាការ គឺជាដំណើរការនីតិវិធីល្អបំផុតមួយ ដែលអាចជួយមនុស្សពីរនាក់ជាគូទំនាស់ឱ្យរកឃើញនូវភាពឈ្នះឈ្នះរៀងខ្លួនដោយមិនមានអ្នកចាញ់។ ជាងនេះអាជ្ញាធរ ត្រូវខិតខំសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាពជូនប្រជាពលរដ្ឋ ហើយលទ្ធផលនៃការដោះស្រាយទទួលបានជោគជ័យនោះ ពិតជាបានសម្រាលបន្ទុករឿងក្តីមួយផ្នែកពីតុលាការផងដែរ។បើការដោះស្រាយ សម្របសម្រួលមិនទទួលបានការឯកភាពរវាងភាគីទាំងពីរអស់លទ្ធភាពរួចរាល់ចាំបញ្ជូនមកតុលាការក៏មិនយឺតពេលដែរ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា នីតិវិធីសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ គឺជានីតិវិធីល្អជាងគេសម្រាប់សង្គមដែលអាជ្ញាធរមានសមត្ថកិច្ច និងចៅក្រម គួរយកមកប្រើដើម្បីជៀសវាងការកាត់ក្តីឱ្យ មានអ្នកឈ្នះ និងអ្នកចាញ់ដោយភាពលំអៀង។ល។ ប៉ុន្តែបើគ្មានជម្រើស គឺត្រូវតែអនុវត្តតាមប្រពន្ធ័តុលាការ តែការអនុវត្តតាមប្រពន្ធ័នេះនឹងធ្វើឱ្យគូក្តីត្រូវប្រឈម និងពាក្យស្លោកចាស់បុរាណថា «ធ្ងន់ និងថ្ម ក្រនិងក្តី»។

ក្នុងន័យនេះ គឺកាលណាមានរឿងក្តី មានវិវាទកើតឡើងគឺមានការក្តៅក្រហាយចាប់ផ្តើមមានហើយ បើមានវិវាទកើតមានឡើងភាគីទាំងពីរ គឺចង់បានឈ្នះរៀងខ្លួន ដែលធ្វើឱ្យគ្រួសារគូទំនាស់មិនមានពេលវេលា ក្នុងការរកស៊ីទទួលទានរវល់ក្នុងការដើរក្តីហើយត្រូវពឹងមេធាវីបន្តបន្ទាប់ដែលការពឹងនេះត្រូវចំណាយនូវទ្រពធនរួមទាំងសមាជិកគ្រួសារផងដែរ ដើម្បីវិនិយោគយកការឈ្នះក្តី។ ទន្ទឹមនិងដំណើរការក្តីនេះ គឺគូទំនាស់មិនមានពេលវេលា គ្រប់គ្រាន់ ក្នុងការរកស៊ីទេដែលធ្វើឱ្យជីវភាពក្នុងគ្រួសារកាន់តែដុនដាបទៅមានរឿងក្តីខ្លះតក្តីរហូតដល់បាត់បង់សមាជិកគ្រួសារ ឬគ្រួសារខ្លះក្លាយជាសត្រូវនិងគ្នាអស់មួយជីវិតក៏មាន។

ជាមួយនឹងការលើកឡើងនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្តាំផ្ញើដល់ព្រះរាជអាជ្ញា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យបន្តខិតខំប្រឹងប្រែង ពន្លឿនយន្តការការដោះស្រាយឱ្យបានលឿនប្រកបយុត្តិធម៌ចៀសវាង ការកកស្ទះសំណុំរឿង និងអូសបន្លាយច្រើនឆ្នាំ៕