(កំពត)នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញលើកទី ៥៣ របស់ក្រុមប្រឹក្សាខេត្តកំពតនៅសាលសន្តិសិត បូកគោឯកឧត្តមអភិបាលខេត្តបានលើកឡើងសម្រេចយកថ្ងៃទី ១០រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះដើម្បីប្រារព្ធពិធីប្រណាំងទូក(ង)ខ្នាតប្រពៃណីដែលពិធីនេះត្រូវបានធ្វើឡើងពីរដងរួចមកហើយ។ហើយសម្រាប់ឆ្នាំនេះកម្មវិធីប្រណាំងទូកនិងធ្វើឡើងនៅតាមបណ្ដោយឆ្នេព្រែកកំពុងបាយនៅមុខសាលាខេត្តចាស់។
ឆ្នាំនេះខេត្តកំពតនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតប្រពៃណីរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ តាមការរំពឹងទុក ការប្រណាំងទូកឆ្នាំនេះ និងមានភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តច្រើន ព្រោះព្រឹត្តិការណ៍នេះនឹងធ្វើឡើងធំជាងមុន ហើយពលរដ្ឋនឹងទទួលបានប្រាក់ចំណូលច្រើនពីព្រឹត្តិការណ៍នេះ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះគឺត្រូវធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ នៃការប្រណាំងទូកងខ្នាតប្រពៃណីនេះឱ្យមានភាពទាក់ទាញ និងធំជាងមុន ដើម្បីស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ការបង្កើតឱ្យមានព្រឹត្តិការណ៍ធំៗ និងកម្សាន្តសប្បាយឱ្យបានច្រើនគឺក្នុងគោបំណងដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្តទាំងអស់ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗក្នុងខេត្ត ព្រោះបើកាលណាខេត្តមានភ្ញៀវទេសចរមកសម្រាកកម្សាន្តច្រើន នោះចំណូលនឹងបានទៅដល់ដៃពលរដ្ឋ។
សូមបញ្ជាក់ថា ខេត្តកំពតបានធ្វើការប្រណាំងទូកចំនួន ២លើករួចមកហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ ដោយលើកទី១ គឺប្រណាំងទូកងខ្នាតប្រពៃណី និងលើកទី២ ប្រណាំងទូកនេសាទ។ ហើយសម្រាប់ឆ្នាំនេះ ខេត្តកំពតគឺធ្វើការប្រណាំងទូកងខា្នតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងការតាំងពិពរណ៌ភូមិមួយផលិតផលមួយផងដែរ។(សឹង រ៉ាត់)