(កំពត)នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣នេះមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានលើកទឹកចិត្តឲ្យគ្រូពេទ្យទាំងអស់ត្រូវមាន ទាំងសមត្ថភាពជំនាញមាំទាំ តាមទាន់សម័យកាល ព្រមជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ហើយគ្រូពេទ្យត្រូវមើលឃើញប្រយោជន៍របស់អ្នកជំងឺ មុនប្រយោជន៍របស់ខ្លួន ធ្វើការផ្តល់សេវាវេជ្ជសាស្ត្រ ប្រកបដោយឥស្សរភាព មិនស្ថិតក្រោមអំណាចរបស់លុយ ឬឥទ្ធិពលអ្វីទាំងអស់។
ថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៣ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែប នៅមន្ទីរសុខាភិបាលខេត្តកំពត ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាព។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានរំលឹកអំពីក្រមសីលធម៌វិជ្ជាជិវៈរបស់គ្រូពេទ្យសំខាន់ៗមួយចំនួន និងបានលើកទឹកចិត្ត ឲ្យគ្រូពេទ្យទាំងអស់ត្រូវបន្តពង្រឹងទាំងសមត្ថភាពជំនាញ និងគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានកាន់តែល្អប្រសើរ ។
លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកំពត កែប បានមានប្រសាសន៍ដែថា ការអនុវត្តន៍ សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្ត ការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែប មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាជន ខេត្តកំពត-កែប ក៏ដូចជាប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា។(សឹង រ៉ាត់)