2023-10-23 16:42
456

ភ្នំពេញ៖ អតិថិជនអ្នកទិញរថយន្តពីក្រុមហ៊ុន Toyota Cambodia យកមកប្រើប្រាស់ រួមទាំងកញ្ចប់ធានារាប់រងពីក្រុមហ៊ុន Asia Insurance បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយសារខាងក្រុមហ៊ុនរថយន្ត និងក្រុមហ៊ុនធានារ៉ាប់រងបានវាយតម្លៃការជួសជុលរថយន្តរបស់ខ្លួនដែលជួបគ្រោះថ្នាក់បណ្តាលឱ្យរងការខួចខាតផ្នែកខាងមុខអស់រហូតដល់ជាង ២ម៉ឺនដុល្លារ គឺប្រហែលជាង ៨០% នៃតម្លៃរថយន្តតែម្តង។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គណនីហ្វេសប៊ុកឈ្មោះ «ទិត្យ ស៊ូ» បានសរសេរបង្ហោះលើបណ្តាញសង្គមថា «រថយន្តខូចខាតផ្នែកខាងមុខតែប៉ុណ្ណឹង ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance និង Toyota Cambodia វាយតម្លៃជួសជុលអស់ ២០ ០០០ដុល្លារជាង? ទាំងដែររថយន្តនេះមានតម្លៃតែ ៣៥ ០០០ដុល្លារ»។

ម្ចាស់គណនីហ្វេងប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំបាទជាអតិថិជនទិញរថយន្ត Toyota Rush ពីក្រុមហ៊ុន Toyota Cambodia HQ Branch ដោយមានកញ្ចប់ធានារ៉ាប់រងរថយន្តជាមួយ Asia Insurance ។ កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ មានម៉ូតូមួយគ្រឿង បើកមកបុករថយន្តរបស់ខ្ញុំ រងការខូចខាតដូចរូបខាងលើ ប៉ុន្តែនៅពេលយកទៅជួសជុល ឆែកចុះឆែកឡើងដោយក្រុមហ៊ុនToyota និងមានការធានាដោយក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance ពេលចេញមកអស់តម្លៃ ២២ ៨៥៣.២៧ដុល្លារ តើវាសាកសមទេបងប្អូន? ក្នុងនាមជាអតិថិជនដែលគាំទ្រ Toyota  និងប្រើប្រាស់រថយន្ត Toyota ខ្ញុំទទួលយកមិនបានទេ”។ 

យោងតាមគណនីហ្វេសប៊ុកឈ្មោះ «ទិត្យ ស៊ូ»  បានសរសេរបញ្ជាក់ថា៖ “តម្លៃនៃការជុសជុលត្រូវបានក្រុមហ៊ុនធានារ៉ាប់រងនេះបដិសេធ មិនជួសជុលឲ្យខ្ញុំទេ ដោយយកលេសថា ចំណាយលើការជួសជុលអស់លើសពី 80% នៃតម្លៃធានា។ ដូច្នេះខ្ញុំទិញកញ្ចប់ធានារ៉ាប់រងធ្វើអ្វី? តើវាសាកសមទេ ម៉ូតូបុកប៉ះជាមួយរថយន្តខូចខាតអស់ច្រើនយ៉ាងនេះ ដល់ទៅជាង២ម៉ឺនដុល្លារ? ក្នុងនាមខ្ញុំជាអតិថិជន សូមសំណូមអោយក្រុមហ៊ុនពិនិត្យមើលឡើងវិញ លើតម្លៃការជុសជុល។ សូមជួយចែករំលែកបន្ត”។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អតិថិជនអ្នកទិញរថយន្តក្រុមហ៊ុន Toyota Cambodia រួមទាំងកញ្ចប់ធានារ៉ាប់រង Asia Insurance វាយតម្លៃជួលជុលរថយន្តអស់រហូតជាង ២ម៉ឺនដុល្លារ និងមិនមានការទទួលខុសត្រូវនោះ អង្គភាពយើងមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺបានឡើយ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ៕