(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យបង្កើនការផ្សព្វផ្សាយអប់រំ អំពីផលប៉ះពាល់ដោយសារបញ្ហាគ្រឿងញៀន ឲ្យបានកាន់តែផុលផុសបន្ថែមទៀត លើអ្វីដែលធ្លាប់អនុវត្តនាពេលកន្លងមកឲ្យចំមុខសញ្ញា និងក្រុមគោលដៅដែលងាយប្រឈមនឹងគ្រោះថ្នាក់។
ក្នុងកិច្ចប្រជុំប្រកាសសមាសភាពបន្ថែម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពផ្សព្វផ្សាយ អប់រំ ដែលបានអនុវត្តកន្លងមកបានយ៉ាងល្អ។ ប៉ុន្ដែសម្រាប់នីតិកាលទីថ្មីនេះ ត្រូវបន្ដពង្រឹង និងយកចិត្តទុកដាក់ឲ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀត លើការងារផ្សព្វផ្សាយអប់រំនេះ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំឲ្យពង្រឹងយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំ និងចាត់វិធានការជំនាញឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ការចរាចរ ដឹកជញ្ជូនសារធាតុគីមីផ្សំចូលមកក្នុងប្រទេស។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រសួងការពារជាតិ ដែលបានបណ្ដេញមន្ដ្រីចេញពីក្របខ័ណ្ឌ ក្នុងករណីរកឃើញមានការជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយ ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល។ សម្តេចចាត់ទុកគ្រឿងញៀននេះ ស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់សមត្ថភាព បាត់បង់ពលកម្ម បាត់បង់បញ្ញាញាណ និងបាត់បង់ធនធានមនុស្សជាដើម។
ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានលើកឡើងថា ប្រទេសកម្ពុជា ថ្វីត្បិតតែជាប្រទេសមិនបានកែច្នៃ និងផលិតគ្រឿងញៀនក៏ពិតមែន ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូលឆ្លងកាត់ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើនសមាសភាពបន្ថែមរហូតដល់ ២៤ក្រសួង ស្ថាប័ន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាប ករណីនេះឲ្យបានក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាតិទាំងមូល៕