(កោះកុង)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយលោកស្រី ចាត់ សូរស្មី ត្រូវបានតែងតាំងជាព្រះរាជអាជ្ញាខេត្តកោះកុង ជំនួសលោក រស់ សារាំ ដែលត្រូវប្តូរទៅជា ព្រះរាជអាជ្ញាខេត្តកំពង់ធំ។
ពិធីនេះក៏មានការចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ និងមានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលកោះកុង, អយ្យការអមសាលាដំបូងខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរជូនចំពោះលោកស្រី ចាត់ សូរស្មី ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងបានកោតសរសើរវាយតម្លៃខ្ពស់ជូនចំពោះលោក រស់ សារាំ ដែលបានដឹកនាំស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុងកន្លងមក ក្នុងការចូលរួមចំណែកបម្រើសេវាយុត្តិធម៌ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿងនិងភាពមិនប្រក្រតីតាមតុលាការ។
បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជា៕