(រតនគិរី)៖ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកសិក្សាសាលាផ្សព្វផ្សាយច្បាប់ស្តីពី សំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅខេត្តមណ្ឌលគីរី នឹងដោយមានការចូលរួមពីលោក ខ័ណ្ឌ ចំណាន អភិបាលរង តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រួមទាំងមានការចូលរួមពីមន្ត្រីរាជការ អភិបាលក្រុង ស្រុក និងវិស័យឯកជន ក្រុមហ៊ុនដែលមកពីខេត្តចំនួន៣គឺ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង ប្រមាណជាង១០០នាក់។
នាឱកាសនោះ លោក ខ័ណ្ឌ ចំណាន ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីសំណង់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់ ដែលជាការងារដ៏មានសារៈសំខាន់សម្រាប់ស្ថាប័ន និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមបណ្តាខេត្ត ឱ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមក្នុងការគាំទ្រដល់ការអភិវឌ្ឍលើវិស័យសំណង់។
ជាមួយគ្នានេះលោក ខ័ណ្ឌ ចំណាន សូមឱ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាយកចិត្តទុកដាក់ស្តាប់ និងក្រេបយកចំណេះដឹងថ្មីៗ និងលើកជាសំណួរ ករណីមានចម្ងល់ ឬភាពមិនច្បាស់លាស់ណាមួយពាក់ព័ន្ធនឹងការ អនុវត្តច្បាប់ស្ដីពីសំណង់ និង លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់នេះផងដែរ។
លោក លាង មុនីរិទ្ធ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ រយៈពេលពេញ១ថ្ងៃ នាពេលនេះ ដែលមានអ្នកឧទ្ទេសនាមអញ្ជើញមកពីអគ្គនាយកដ្ឋាន សំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គឺជាផែនការសកម្មភាពមួយដើម្បីពង្រឹងការអនុវត្ត ច្បាប់ស្ដីពីសំណង់ ទាំងលើការងារគម្រោងប្លង់ ការងារសាងសង់ និងការងារត្រួតពិនិត្យក្នុងគោលបំណងដើម្បីធានា គុណភាពសំណង់ សុខសុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
លោក លាង មុនីរិទ្ធ បានបន្ថែមថា ប្រធានបទ៖ គោលពាក់ពន្ធ័សំខាន់ៗ ត្រូវបានជ្រើសរើសយកមកធ្វើការឧទ្ទេសនាមដោយផ្ទាល់ពីសំណាក់លោកអគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ និងលោកប្រធាន នាយកដ្ឋានសិក្សាគម្រោងប្លង់ លោកប្រធាននាយកដ្ឋានសំណង់ និងលោកប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់ ជូនដល់អស់លោក លោក លោកស្រី ដែលជាកម្រិតថ្នាក់ដឹកនាំ, អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ អ្នកប្រកបអាជីវកម្មសិក្សាគម្រោងប្លង់សាងសង់ អ្នកអភិវឌ្ឍអចលវត្ថុ ម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធទាំងអស់ គឺដើម្បីបានយល់ដឹងអំពីវិធាន បែបបទ និតិវិធីនៃការអនុវត្ត ក៏ដូចជាការពង្រីកបន្ថែមនូវចំណេះនិងជំនាញបច្ចេកទេស ជាពិសេសពាក់ពន្ធ័នឹងច្បាប់ បទប្បញ្ញត្តិបច្ចេកទេស និងយន្តការថ្មីៗ សម្រាប់ពង្រឹងសមត្ថភាពនៃការ គ្រប់គ្រងសំណង់របស់អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក៏ដូចជា ការចូលរួមអនុវត្តឱ្យកាន់តែល្អប្រសើរឡើងពីផ្នែកវិស័យឯកជន។
ក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកក៏បានសំណូមពរ និងលើកទឹកចិត្តសូមអស់លោក លោក លោកស្រី ទាំងអស់ មេត្តាយកចិត្តទុកដាក់តាមដានស្ដាប់លើគ្រប់ប្រធានបទនៃការធ្វើឧទ្ទេសនាម ធ្វើការសិក្សាស្វែងយល់ កត់ត្រា ករណីមានចម្ងល់ សំណួរ និងចង់ចូលរួមជាយោបល់ផ្សេងៗ សូមធ្វើការលើកឡើងក្នុងកម្មវិធីសំណួរ ចម្លើយ តាមកម្មវិធីបានកំណត់ក្នុងសិក្ខាសាលា។
លោក លាង មុនីរិទ្ធ ក៏បានលើកទឹកចិត្តឱ្យមានការធ្វើការជជែក ពិភាក្សាផងដែរក្នុងពេលសម្រាក ដែលជាឱកាសបង្កើតទំនាក់ទំនង និងស្វែងយល់រវាង ថ្នាក់ដឹកនាំនិងមន្ត្រី រវាងមន្ត្រីជំនាញនិងវិស័យឯកជន៕