2023-10-25 12:01
725

(ភ្នំពេញ)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាភ្នំពេញ លើកទី២ ស្តីពី «អប្បភាគីនិយម មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច»  នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ និងបានប្រមូលផ្តុំវាគ្មិន និងអ្នកចូលរួមដែលជាអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្តមកស្ថាប័នធនាគារខួរក្បាល និងសាកលវិទ្យាល័យ មកពីក្នុងនិងក្រៅតំបន់អាស៊ី និងតំណាងក្រសួង ស្ថាប័នមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ជាស្ថានិកវេទិកាភ្នំពេញ រួមទាំងមាន វាគ្មិនដែលជាអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវចូលរួមប្រមាណជិត ១០០នាក់ផងដែរ។

វេទិកាភ្នំពេញ គឺជាវេទិកាពហុទិស (Multi-track platform) មួយដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា កាលពីឆ្នាំ២០២២។ វេទិកានេះមានការចូលរួមតំណាងរដ្ឋាភិបាល ធនាគារខួរក្បាល ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ ផ្នែកស្រាវជ្រាវនៃវិស័យឯកជន ទីភ្នាក់ងារប្រឹក្សាយោបល់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ អ្នកចូលរួមទាំងអស់មកពីបណ្តាប្រទេសអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជាប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីរួមគ្នាធ្វើការរួមគ្នា និងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងការពង្រឹងតម្លាភាព និងគណនេយ្យភាព និងលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវតាមការថ្មីរបស់អ្នកពាក់ព័ន្ធខាងក្រៅនិងក្នុងស្រុក ដើម្បីមានការចូលរួមជាសាធារណៈកាន់តែទូលំទូលាយឡើង។

លោកបណ្ឌិត គិន ភា បានឱ្យដឹងថា វេទិកាភ្នំពេញនេះក៏នឹងត្រួសត្រាយផ្លូវពហុវិមាត្រ ដើម្បីបង្កើនឥទ្ធិពលអន្តរជាតិនៃអ្នកចូលរួម តាមរយៈការកំណត់របៀបវារៈ ដែលលើកកម្ពស់ការប្រឌិត កំណែទម្រង់នវានុវត្តន៍នៃអភិបាលកិច្ចអន្តរជាតិ ការបង្កើតអត្តសញ្ញាណបញ្ញត្តិកម្ម ការប្រឈមមុខដាក់គ្នាទៅវិញទៅមកចំពោះទ្វេគ្រោះសន្តិសុខប្រពៃណីនិងមិនមែនប្រពៃណីនាពេលអនាគត និងការដោះស្រាយប្រកបដោយភាពស្វាហាប់នូវបញ្ហាលេចធ្លោជាច្រើនសម្រាប់ការអភិវឌ្ឍក្នុងតំបន់និងបញ្ហាប្រឈមជាសាកល។

វេទិកាភ្នំពេញមានគោលបំណងដូចតទៅ៖
១៖ កសាងទំនុកចិត្ត និងរួមចំណែកដល់ដំណោះស្រាយការទូតនិងគោលនយោបាយ តាមរយ:ការរក្សានិរន្តរភាពកិច្ចពិភាក្សាជាប់ជាប្រចាំ លក្ខណៈជំនាញ និងក្រៅផ្លូវការ នៅក្នុងសហគមន៍ការទូត គោលនយោបាយ និងការសិក្សាជាអន្តរជាតិ។
២៖ ដើរតួនាទីជាវេទិកាឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការពិភាក្សាអំពីគោលនយោបាយនិងការទូតចំពោះកង្វល់ខាងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។
៣៖ បង្កើតជា «វេទិកាបញ្ចេញទស្សនៈ» ដែលជាកន្លែងបង្កើតគំនិតផ្តួចផ្តើមនិងដំណោះស្រាយ និងជាកន្លែងផ្លាស់ប្តូរទស្សន:នានា។
៤៖ ផ្តល់ទីលានសម្រាប់ថ្លែងគំនិតផ្តួចផ្តើមការទូតនិងទស្សនៈនានាទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីដោះស្រាយបញ្ហាសន្តិសុខដ៏តឹងតែងបំផុតនៅក្នុងតំបន់។
៥៖ ដើម្បីផ្តល់លំហ «ទីបី» សម្រាប់កិច្ចប្រជុំក្រៅផ្លូវការរវាងអ្នកចូលរួមនានា ដើម្បីជំរុញការទូតតាមរយៈកិច្ចពិភាក្សានានា។
៦៖ បោះពុម្ពផ្សាយរបាយការណ៍វេទិកាភ្នំពេញជាកម្រងអត្ថបទសង្ខេបប្រចាំឆ្នាំ ដែលជាតួលេខ ផែនទី និងការស្រាវជ្រាវពាក់ព័ន្ធលើបញ្ហាប្រឈមខាងការទូត និងគោលនយោបាយសំខាន់ៗនៃតំបន់អាស៊ីអាគ្នេយ៍។

វេទិកាភ្នំពេញ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងទម្រង់និងកម្មវិធីផ្សេងៗគ្នា រួមទាំងវេទិកាបណ្ឌិតសភា សន្និសីទ សិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាល។ នៅឆ្នាំនេះ វេទិកាភ្នំពេញលើកទី២ នឹងរៀបចំឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អប្បភាគីនិយម៖ មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច»។
វេទិកាភ្នំពេញលើកទី២ មានគោលបំណងដូចខាងក្រោម៖
១៖ ពិនិត្យលើការផ្លាស់ប្តូរតុល្យភាពនៃថាមភាពមហាអំណាច ទាំងក្នុងកម្រិតតំបន់ និងសកលលោក និងបញ្ជាក់ពីអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិរបស់ប្រទេសសមាជិកអាស៊ាន។
២៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈលើការរីកសាយភាយនៃបច្ចេកវិទ្យានុយក្លេអ៊ែរនិងហានិភ័យខ្ពស់នៃការបង្កឱ្យមាន «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ»។
៣៖ ពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តរបស់អាស៊ានឆ្ពោះទៅរកការវិវត្តនៃបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការគំរាមកំហែងសន្តិសុខថ្មីៗ ដូចជាភេរវកម្ម សង្គ្រាមតាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ។
៤៖ លើកកម្ពស់ការយល់ដឹងអំពីការវិវត្តថ្មីនៃនិន្នាការអប្បភាគីនិយមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។
៥៖ ជំរុញការចូលរួមរបស់យុវជននិងផ្តល់សំឡេងដល់ពួកគេ ព្រមទាំងអភិវឌ្ឍការគិតឯករាជ្យលើបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ឧបករណ៍ និងធនធាននានា៕