2023-11-07 11:55
623

ព្រៃវែង៖ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្អូនៗជាបេក្ខជន បេក្ខនារី ដែលមកពីបណ្ដាលស្រុកនានានៅខេត្តព្រៃវែងមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នៅក្នុងខេត្តព្រៃវែងនេះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដើម្បីដំណើរការដល់ការប្រឡងរបស់ប្អូនៗទទួលបានជោគជ័យ ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ថ្ងៃទី២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាសម្ដេចតេជោហ៊ុនសែនព្រៃវែងក្រុង។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យនោះក៏មានការអញ្ជើញចូលរួម លោកជំទាវ ទន់ សាអ៊ុឹម អនុរដ្ឋលេខាធិការ ក្រសួង អបរំ យុវជន និងកីឡា និងជាប្រធាគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែង ក្រុមការងារ ACU ផងដែរ។ 

នៅក្នុងការអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទូលបានជំនាញដែលខ្លួនស្រឡាញ់។ 

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏បាន ផ្តាំផ្ញើ ដល់ បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុង នៃការប្រលងនេះធ្វើយ៉ាងណាដើម្បីយើងទទួលបាននូវចំណេះដឹងពិតប្រាកដ មានសមត្ថភាពក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិយើង។ 

ឯកឧត្ដម អភិបាលខេត្តក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមឲ្យបានជាប់គ្រប់ៗគ្នា៕ 
សូមបញ្ជាក់ថា៖ ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ៨,១៣៥ នាក់ ស្រីចំនួន ៤,៣៥៤ នាក មានចំនួន ១៥ មណ្ឌល មានចំនួន ៣២៧ បន្ទប់។ ដោយក្នុងនោះបែងចែកជាពីរ ផ្នែក មានផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។ ដោយផ្នែកវិទ្យាសាស្រ្ត មាន ៣ មណ្ឌល ស្មើនឹង ៧៨ បន្ទប់ មានបេក្ខជន សរុបចំនួន ១,៩៤២ នាក់ ស្រី ១,១៥៧ នាក់ និង ផ្នែកវិទ្យាសាស្រ្តសង្គម ចែកចេញ ជា ១២ មណ្ឌល មាន ២៤៩ បន្ទប់ ដែលមានបេក្ខជន ចំនួន ៦,១៩៣ នាក់ ស្រី ៣,១៩៧ នាក់៕