(កំពត) ៖ នាថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៣នេះអាជ្ញាធរស្រុកទឹកឈូ ដើម្បីលើកទឹកចិត្ត បាននិងសម្រួលដល់ការលំបាករបស់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានចាប់ផ្តើមប្រឡងនៅថ្ងៃទី ៦ ខែវិច្ឆិកាដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូបានផ្តល់ទីកន្លែងផ្ញើកង់ ម៉ូតូ និងផ្តល់ទឹកសុទ្ធ និងអាហារថ្ងៃត្រង់ ជូនដល់បេក្ខជនប្រឡងបាក់ឌុប ដោយឥតគិតថ្លៃ ទាំង៣មណ្ឌល ក្នុងស្រុកទឹកឈូ។
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការត្រៀមលក្ខណៈរៀបចំការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ឃើញថាដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកាត់សំគាល់នោះទ្បើយ។
ដោយឡែក ស្រុកទឹកឈូ ដែលមាន៣មណ្ឌលប្រឡងដែរនោះ អាជ្ញាធរស្រុកទឹកឈូបាន សហការជាមួយសសយកស្រុកទឹកឈូ បានរៀបចំយុទ្ធនាការ ចែករំលែកក្តីស្រឡាញ់ដល់បេក្ខជនប្រឡងបាក់ឌុបទាំង៣មណ្ឌលប្រឡង ហើយតាមរយៈយុទ្ធនាការនេះ រដ្ឋបាលស្រុកទឹកឈូ បានរៀបចំទីកន្លែងផ្ញើ កង់ ម៉ូតូ និងចែកទឹកសុទ្ធ និងចែកអាហារថ្ងៃត្រង់ផ្តល់ជូនបេក្ខជនប្រឡងដោយឥតគិតថ្លៃ។
យុវសិស្សអេង វ៉ាន់នឿន មកពីសាលាវិទ្យាល័យ អង្គ-រមាស ស្រុកដងទង់ បានបង្ហាញសេចក្តីពេញចិត្តចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ ថាមិនត្រឹមតែប្រឹងប្រែងអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការរៀបចំការប្រឡងឲ្យល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានលើកទឹកចិត្តនិងផ្តល់កន្លែងផ្ញើ កង់ ម៉ូតូ ទឹកសុទ្ធ និងអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងទាំងអស់ផងដែរ។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២២-២០២៣ នៅទូទាំងខេត្តកំពតមានបេក្ខជនចំណេះទូទៅ និងស្វ័យរិន សរុបចំនួន ៥.៦០០នាក់ ក្នុងនោះ ស្រីមានចំនួន ២.៩៤៨នាក់ មានមណ្ឌលប្រឡងចំនួន១១ ស្មើនឹង ២២៥បន្ទប់ (ថ្នាក់វិទ្យាសាស្ត្រ មាន៣មណ្ឌល ស្មើ៦០បន្ទប់)។(សឹង រ៉ាត់)