ភ្នំពេញ៖ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបទទួលនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពី“លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រហូឡង់”។
ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Wouter Jurgens អគ្គនាយកទទួល បន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសហូឡង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាថ្មីៗនេះ បានធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងឡាអេ ព្រះរាជាណាចក្រ ហូឡង់។
ឥស្សរជនទាំងពីរ បានពិភាក្សាលើប្រធានបទជាច្រើន រាប់ចាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រហូតដល់ការវិវត្តនៃស្ថានការណ៍ថ្មីៗដែលកើតមានឡើងក្នុងតំបន់ទាំងពីរ និងសកលលោក។ ភាគីទាំង ពីរបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើវិស័យ នានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវការកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍ផ្តល់ដោយប្រទេស ហូ ឡង់នាពេលកន្លងមក រួមមាន ជំនួយលើវិស័យសុខាភិបាល សកម្មភាពដោះមីន និងការបណ្តុះបណ្ដាលអ្នកការ ទូតកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានផ្តល់នូវសារៈសំខាន់នៃភាពជាដៃគូអភិវឌ្ឍអាស៊ាន-ហូឡង់ ដែល នាំទៅរកសកម្មភាពជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងហូឡង់។
ជាកិច្ចបញ្ចប់ សហប្រធានទាំងពីរ បានសម្តែងនូវក្តីពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី១នេះ ដែលវាជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់ បាននូវសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំកិច្ចពិគ្រោះ យោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ៕