2023-12-12 12:49
314

ភ្នំពេញ៖ លោក Anthony Gill នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា បានអបអរសាទរ និងគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឲ្យបាន ១.៥លាន របស់រាជរដ្ឋាភិបាល 
   ការគាំទ្ររបស់មន្ត្រីជាក់ខ្ពស់ ADB ប្រចាំនៅកម្ពុជាចំពោះគោលនយោបាយបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលនេះ បានឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Anthony Gill នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា និងក្រុមការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។ 
   លោកនាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា លោកសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ 
   លោក Anthony Gill នាយកស្តីទី ADB បានសរសើរ និងអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញ ១.៥លានរបស់រាជរដ្ឋាភិបាលកម្ពុជា។ 
នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើនដែលក្រសួងបានធ្វើរួចមកហើយ ដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សាដែលជាការហាត់ការជាក់ស្តែងនៅតាមរោងចក្រសហគ្រាសតែម្តង។ 
   លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ADB ដែលបានអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ (C1) ដែលជាការគិតគូររបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ 
   សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ  និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១.៥លាននាក់ ឱ្យសិក្សាជំនាញបច្ចេកទេសរយៈពេល ៤ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម ចំនួន ២៨ម៉ឺនរៀលបន្ថែមទៀត។ 
   លោករដ្ឋមន្ត្រីក្រសួងការងាត ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើន លើការបណ្តុះបណ្តាលជំនាញជាមួយក្រសួងហើយរំពឹងថា ធានាគាអភិវឌ្ឍន៍អាស៊ី និងបន្តគាំទ្រជួយលើការគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត៕