(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំកម្ពុជាដឹកនាំប្រតិភូចូលជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តការងារដើម្បីបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសផ្សេងៗ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញជួបពិភាក្សាការងារក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាព។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានជម្រាបជូនអំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់រយៈពេល០៣ខែ ដែលកម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តគឺធានាបានសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ មិនមានបទល្មើសអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ក្នុងនោះមានបទល្មើសក្មេងទំនើង បទល្មើស ឆក់ បទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងបង្រ្កាបទប់ស្កាត់ទាន់ជាបន្តបន្ទាប់។
ដោយឡែក ក្នុងតំណាក់កាលលោកមកកាន់ការងារជាអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកដឹកនាំយកគោលការណ៍តាមយន្តការចាស់ដែលអតីតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញ ដោយបច្ចុប្បន្ននាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្នុងការសហការជាមួយភាគីមិត្តចិន និងសហការជាមួយស្ថានប័នជំនាញ។ កិច្ចការងារចំពោះមុខដែលកមពូងអនុវត្តផងដែរកម្លាំងនគរបាលរាជធានីភ្នំពេញបានចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្នុងការចុះធ្វើបច្ចុប្បន្នភាពគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសដែល ធ្វើការងារ ប្រកបមុខរបរ និងធ្វើជំនួញផ្សេងៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
លោកស្នងការបានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការការងាររវាងនគរបាលចិនក៏ដូចជាជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជានិងនគរបាលកម្ពុជា និយាយដោយឡែកនគរបាលរាជធានីភ្នំពេញកន្លងមកអនុវត្តបានល្អ ដោយយន្តការដែលមានស្រាប់ត្រូវបន្តនិងពង្រឹងកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីរក្សាឱ្យបាននូវមិត្តភាព ចំណងសាមគ្គឺភាព ឱ្យកាន់តែរឹងមាំរវាងកម្ពុជា-ចិន។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានជម្រាបជូនទៀតថាកម្ពុជាមានច្បាប់ត្រូវអនុវត្តមិនរើសអើងពូជសាសន៍នោះទេ មិនថាជនបរទេស ឬជនជាតិកម្ពុជានោះឡើយគឺអនុវត្តទោសស្មើភាពគ្នានៅពេលពួកគេប្រព្រឹត្តបទល្មើសណាមួយនោះ។ ដោយឡែក សម្រាប់ការដឹកនាំរបស់លោក គឺជាគោលការណ៍ចំពោះជនបរទេសប្រព្រឹត្តបទល្មើសខុសច្បាប់ធ្ងន់ធ្ងរត្រូវតែអនុវត្តទោសតាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។ក្រោយពីអនុវត្តទោសរួចហើយ ក៏ត្រូវសុំគោលការណ៍ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងមហាផ្ទៃដើម្បីបណ្តេញជនបរទេសនោះទៅមាតុប្រទេសកំណើតវិញកិច្ចការងារនេះកាលលោកធ្វើជាស្នងការនគរបាលខេត្តព្រះសីហនុក៏បានអនុវត្តរួចមកហើយ។
លោក លី ស៊ាងមីង ក៏បានវាយតម្លៃនិងកោតសរសើរចំពោះការកងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អ ជាពិសេសគាំទ្រចំពោះចំណាត់ការដែលលោកស្នងការ នគរបាលរាជធានីភ្នំពេញដាក់ចេញការអនុវត្តវិធានការច្បាប់តឹងរឹងនិងការបណ្តេញចេញចំពោះជនបរទេសណាដែលប្រព្រឹត្តល្មើសខុសច្បាប់នៅកម្ពុជា ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ។
លោកក៏បានថ្លែងអំណរគុណដល់លោកស្នងការដែលកន្លងមកបានជួយសម្របសម្រួលកិច្ចការងារជាច្រើនជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងការការពារសុខសុវត្ថិភាពដល់ជនជាតិចិនមកធ្វើការងាររកស៊ីស្របច្បាប់ក៏ដូចជាជួយទប់ស្កាត់និង បង្រ្កាបជនល្មើសដែលបោកប្រាស់តាមទូរគមនាគមន៍និងបទល្មើសអនឡាញខុសច្បាប់។
លោក លី ស៊ាងមីង ក៏សំណូមពរឱ្យមានកិច្ចសហការផ្តល់ព័ត៌មានរវាងគ្នាទៅវិញទៅមកឱ្យបានលឿនឆាប់រហ័ស ដើម្បីជាការឆ្លើយតបដោះស្រាយរាល់សភាពការណ៍បទល្មើសផ្សេងៗទាន់ពេលវេលា។ ជាមួយគ្នានោះលោកក៏បានអញ្ជើញលោកស្នងការដើម្បីដឹកនាំគណៈប្រតិភូស្នងការនគរបាលរាជធានីភ្នំពេញនៅពេលវេលាសមស្របណាមួយទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង ដើម្បីដកស្រង់បទពិសោធន៍ការងាររវាងគ្នាឱ្យកាន់តែមានប្រសិទ្ធភាពដោយសារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរដ្ឋធានីប៉េកាំង បានចុះកិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាពរវាងគ្នារួចមកហើយកាលពីកន្លងទៅ៕