2023-12-13 13:07
363

ភ្នំពេញ៖       រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ ទទួលបន្ទុកលើកិច្ចការបរទេស បានថ្លែងក្នុងសន្និសិទសារព័តម៌មាន នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម ថា «កិច្ចការបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយវៀតណាម នៅសល់ ១៦%ទៀតប៉ុណ្ណោះនឹងបញ្ចប់ស្ថាពរ តែទោះយ៉ាងណាភាគីទាំងពីរមិនអាចកំណត់បានទេថា ការងារនេះនឹងចប់នៅពេលណាឡើយ»។ 

 លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានយ៉ាងដូច្នេះក្នុងសន្នីសិទសារព័ត៌មាន «កិច្ចការបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយវៀតណាម នៅសល់ ១៦% ទៀតប៉ុណ្ណោះ ហើយមាន ៦% ដែលភាគីទាំងពីរកម្ពុជា-វៀតណាម ត្រូវសម្រេចឱ្យបានរួចរាល់សិនចាំគិតគូរនៅសល់ ១០% បន្តទៀត។ កិច្ចការដែលនៅសេសសល់ទាំងនេះទាំងកម្ពុជា និងភាគីវៀតណាម មិនអាចកំណត់បានទេថាវានឹងបញ្ចប់នៅពេលណា? យ៉ាងណាមិញអ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងសមភាគីចង់ធ្វើ គឺពន្លឿនការប៉ោះបង្គោលព្រំដែនឱ្យចប់ជាស្ថាពរឱ្យបានយ៉ាងឆាប់រហ័សជាទីបំផុត»

 លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការងារបរទេស បានថ្លែងបញ្ជាក់ថា «ចំពោះកិច្ចការបោះបង្គោលព្រំដែននេះ វាបានអូសបន្លាយពេលអស់រយៈពេលជាយូឆ្នាំកន្លងមកហើយ គឺជាការចាំបាច់បំផុតក្នុងការបញ្ចប់ការបោះបង្គោលព្រំដែន ទាំងកម្ពុជា ទាំងវៀតណាម មិនចង់ឱ្យតាមបណ្តោយព្រំដែនក្លាយទៅជាបញ្ហាជម្លោះស្មុកស្មាញតទៅទៀត ចង់ធ្វើឱ្យតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរក្លាយទៅជាទីតាំងអភិវឌ្ឍសេដ្ឋកិច្ច ព្រោះទាំងកម្ពុជា និងវៀតណាម ត្រូវការស្ថេរភាព សន្តិភាព និងត្រូវការអភិវឌ្ឍតំបន់ជាយដែនឱ្យក្លាយជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចដ៏ទំនើប»