(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើឱ្យលោកគ្រូ អ្នកគ្រូពាក់ព័ន្ធក្នុងសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត បង្គន់អនាម័យ រៀបចំបរិស្ថាន ជុំវិញសាលាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងសាលារៀនមានភាពបៃតង និងសោភ័ណភាពស្រស់ស្អាតជានិច្ច។
ការថ្លែងបែបនេះក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
លោកអភិបាលខេត្ត បានថ្លែងថា ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូង របស់សិស្សានុសិស្សគ្រប់រូប ជាពិសេសកុមារតូចៗ នៅតាមមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់សិក្សាថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់បន្ដទៀត។
លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្ស រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ពាក់ព័ន្ធអភិបាលកិច្ចក្នុងសាលារៀន លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់លោកនាយក លោកគ្រូ អ្នកគ្រូ សម្រាប់យកទៅអនុវត្តន៍ ឱ្យចំគោលដៅពាក់ព័ន្ធក្នុងសាលារបស់ខ្លួននោះផងដែរ។
យោងរបាយការណ៍ របស់លោក ឡុង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ចំការដូង បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ វិទ្យាល័យ ហ៊ុនសែន ចំការដូង មានថ្នាក់រៀនសរុបចំនួន ២១ថ្នាក់ មានសិស្សសរុបចំនួន ៨៥១នាក់ ស្រី ៤៥៥នាក់ និងមានបុគ្គលិកអប់រំ សរុបចំនួន ៨២នាក់ ស្រី៣៨នាក់។
លោកបញ្ជាក់ថា ក្នុងឆ្នាំសិក្សាកន្លងទៅ សិស្សានុសិស្សគ្រប់កម្រិត បានប្រឡងជាប់មធ្យមភាគសរុបចំនួន ៦១៧នាក់ ស្មើនឹង ៨២,០៥ភាគរយ។ សិស្សបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១២៨នាក់ ស្មើនឹង ៨៧,០៧%៕