ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦ រហូត១៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខួបទី៥០ឆ្នាំ អាស៊ាន-ជប៉ុន របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺតបតាមការអញ្ជើញរបស់ លោក គីស៊ីដា ហ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។
ការអញ្ជើញអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្ត្រីមួយចំនួន ទៀត មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ ក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការ ចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្ដីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការ អនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមវនអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។
ក្នុងឱកាស នៃកិច្ចប្រជុំកំពូល សម្ដេចធិបតី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួមផងដែរ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រ ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយ ឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយ ស្ដីពី អន្តរការណ៍ថាមពល និងជំរុញ កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាការងារ និងសម្តែងការគួរសម។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ៕