2023-12-14 23:32
373

ភ្នំពេញ៖ លោកស្រី Melissa A.Brown ឧបការីរង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានជួបពិភាក្សាក្នុងស្មារតីមិត្តភាពជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសលោកស្រីអញ្ជើញមក បំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងជំនួបផ្លូវការនេះ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញ ចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្ម និងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ផងដែរ។ 

លោក សុខ ចិន្តាសោភា បានបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ផ្តោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះ រួមមាន ការថែទាំសុខភាព, ការអប់រំ និងបណ្តុះបណ្តាល និង ការបង្កើតការងារ។ លោឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ។ 

លោកស្រី Melissa A. Brown ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការទាំងនោះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត»។ លោកស្រីឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា»។ 

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាតំបន់និងអន្តរជាតិ ដែលជាប្រយោជន៍រួម រួមទាំងតួនាទីរបស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហរដ្ឋអាមេរិក។ 

លោកឧបការីរង Melissa A. Brown បានសង្កត់ធ្ងន់ថា «កេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានកន្លងមក និងវិធីសាស្ត្របែបស្ថាបនារបស់កម្ពុជា ចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាពងាយស្រួលដល់កិច្ចសន្ទនា។ សហរដ្ឋអាមេរិកក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជាជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ»។ 

កិច្ចពិភាក្សាខាងលើនេះបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីទាំងពីរក្នុង ការបន្តកិច្ចសន្ទនាជាមួយគ្នាលើប្រធានបទជាច្រើន រួមទាំងប្រធានបទដែលភាគីទាំងពីរមានទស្សនៈ ផ្សេងគ្នា។ ភាគីទាំងពីរបានគូសបញ្ជាក់នូវសារៈសំខាន់នៃតម្រូវការឱ្យមានការជឿទុកចិត្ត និងការ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ៕