បន្ទាយមានជ័យ៖ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត កើតមានបញ្ហាកកស្ទះការធ្វើដំណើរចេញ-ចូលឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋយ៉ាងខ្លាំងបណ្តាកមកពីកក្តាមួយចំនួនដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងដោះស្រាយ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានមូលហេតុចំនួនបីយ៉ាង ដែលបង្កឲ្យអ្នកធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកកស្ទះ កើតមានតាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ពេលនេះ ប៉ុស្តិ៍នគរបាលច្រកទ្វាប៉ោយប៉ែត បានរាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន។
យោងតាមសេចក្តីជូនដំណឹងរបស់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមានការបង្ហោះរូបភាពប្រជាពលរដ្ឋឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន នៅបញ្ជាប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា ៣០ទៅ៤០នាទី នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅបណ្តាលមកពីមូលហេតុមួយចំនួន រួមមាន ដូចខាងក្រោម៖
១- ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ចេញទៅប្រកបរបរអាជីវកម្ម រួមទាំងពលករ កម្មករ និងសិស្សានុសិស្សជាដើម ។
២- បច្ចុប្បន្នប័ណ្ណព្រំដែនមានបិទ QR CODE សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរចេញ-ចូល មានពេលខ្លះអ៊ីនធឺណេតមានការរអាក់រអួលធ្វើឱ្យមានការយឺតយ៉ាវក្នុងការស្គេនប័ណ្ណព្រំដែនចូលក្នុងប្រព័ន្ធ ។
៣- ចាប់ពីវេលាម៉ោង ១៨និង០០នាទី ដល់ម៉ោង ២១និង០០នាទីយប់ ប្រជាពលរដ្ឋខ្មែរ-ថៃ ធ្វើដំណើរចេញពីប្រទេសថៃចូលមកកម្ពុជាមានចំនួនច្រើន។ ម៉្យាងវិញទៀត អនុវត្តតាមជំនាញអន្តោប្រវេសន៍តម្រូវឱ្យមន្ត្រីប្រថាប់ត្រាលេខកូដសម្គាល់លើប័ណ្ណព្រំដែនបន្ថែមទៀត ទើបបណ្ដាលឱ្យមានការកកស្ទះម្ដងម្កាល។
ចំពោះករណីនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយ ជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន។
សូមបញ្ជក់ថា ចាប់តាំងពីមានការធ្វើឬ QR CODE ប័ណ្ណព្រំដែនសម្រាប់អ្នកធ្វើដំណើរឆ្លងព្រំដែនអន្តរជាតិមកយូរៗម្តងតែងមានការកកស្ទះចំពោះការឆ្លងទៅលក់ដូររបស់បងប្អូនអាជីវករខ្មែរទៅព្រឹកវិលល្ងាច៕