ពោធិ៍សាត់៖ បុរសជាអ្នកបើកបរគោយន្តកន្ត្រៃម្នាក់ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មណ្ឌលសុខភាពអន្សាចំបក់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Toyota Prius បុកជាមួយនឹងគោយន្តកន្ត្រៃ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ (១៣៤-១៣៥) ស្ថិតក្នុងភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង០០នាទីល្ងាច ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣ ។
តាមសាក្សីឃើញនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ បានបើកគោយន្តកន្ត្រៃ ម៉ាក គូបូតា ពណ៌ក្រហម ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងទៅត្បូងឆ្លងថ្នល់ជាតិ ខណៈនោះស្រាប់តែមាន រថយន្តម៉ាក Toyota Prius ពណ៌ក្រហម ពាក់ស្លាកលេខ កម្ពុជា RAYUTH69 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនបានបុកគោយន្តកន្ត្រៃយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរគោយន្តរងរបួសធ្ងន់ធ្ងរបំផុត។
សាក្សីដដែលបន្តថា ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ព្រមទាំងរថយន្តសង្រ្គោះចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះលើដងផ្លូវ នឹងបានដឹកបញ្ជូនជនរងគ្រោះ ទៅមណ្ឌលសុខភាព ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ឃុំអន្សាចំបក់ ។
លោកវសេនីយ៍ឯក មោក ភារម្យ អធិការរដ្ឋាននគរបាលស្រុក្រគរ បានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរគោយន្ត មានឈ្មោះ យ៉ន សាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបររថយន្ត ក្រោយពេលបង្កហេតុ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ។
លោកបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងមកពីកត្តាបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងកត្តាល្បឿន។ ចំពោះតុល្យភាពខូចខាត បណ្ដាលឲ្យខូចខាត រថយន្ត ០១គ្រឿង, គោយន្តកន្ត្រៃ ០១គ្រឿង, ស្លាប់មនុស្ស ០១នាក់។
យោងតាមនិទ្ទេសរបស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឲ្យកម្លាំងជំនាញធ្វើកំណត់ហេតុប្រគល់-ទទួលសពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្ត និងគោយន្តកន្ត្រៃ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលអន្សាចំបក់ ជាបណ្ដោះអាសន្ន ៕ លាន គ្រន