ស្ទឹងត្រែង៖ ពិធីបើកដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង ផ្ទុះការតវ៉ាសំណាក់តំណាងក្រុមហ៊ុនមួយបានឡាំប៉ាតវ៉ាចំពោះការដេញថ្លៃនេះ ដោយសារខ្លួនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមដេញថ្លៃពីគណៈកម្មការដេញថ្លៃ ខណៈក្រុមហ៊ុនខ្លួនបានបំពេញឯកសារ និងលក្ខខ័ណ្ឌគ្រប់គ្រាន់ទាំងអស់។
ក្នុងសកម្មភាពខ្លីបវីដេអូរមួយដែលបានបែកធ្លាយ និងបង្ហោះចែកចាយលើបណ្តាញសង្គម មានបុរសម្នាក់ជាអ្នកចូលរួមដេញថ្លៃភាស៊ីប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងសាលប្រជុំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រោកឈរផ្ទុះការតវ៉ា និងណាំប៉ាយ៉ាងខ្លាំងក្នុងពិធីបើកការដេញថ្លៃនោះ បន្ទាប់មកបុរសវ័យចំណាស់រូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលបានក្រៀកបណ្តើរចេញបន្ទប់ដេញថ្លៃ និងចេញពីបរិវេនមន្ទីរសេដ្ឋបាត់។
តាមរយៈវីដេអូបែកធ្លាយបុរសវ័យចំណាស់ខាងលើ បាននិយាយថា «ប្រសិនខ្ញុំឯកសារនេះទេកុំសង្ឃឹមចូលកន្លែងនេះបានទេ ជាប់គុក! ខ្ញុំផ្តាំទៅលោកអភិបាលរងខេត្តសូមកុំប្រើអំណាច ខ្ញុំមករកលុយជួនរដ្ឋ»។ បុរសដដែលបានបន្ថែមថា «លោក ស៊ី សូន ត្រូវចងចាំឲ្យច្បាស់ ខ្ញុំមករកលុយជូនរដ្ឋមិនមែនមកបំផ្លាញរដ្ឋទេ ព្រោះគាត់មានឯកសារគ្រប់គ្រាន់ និងបំពេញគ្រប់លក្ខខណ្ឌទាំងអស់»។
សូមជម្រាបថា នៅរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣ កន្លងទៅនេះ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង, លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក-លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរ អភិបាលរងក្រុង-ស្រុកពាក់ពន្ធ័ និងអាជីវករជាច្រើននាក់ផងដែរ។
យោងតាមលិខិតលេខ ១០០៦០ សហវ.លស.អទច ចុះថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការដាក់ឱ្យដេញថ្លៃ ភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការ ប្រមូលចំណូលបង់ចូលថវិការាជធានី-ខេត្ត។
ដោយឡែករដ្ឋបាលខេត្តស្ទឹងត្រែង បានជម្រាបជូនដល់សាធារណជន ដែលមានបំណងចូលរួមដេញថ្លៃភាស៊ី ដោយការរៀបចំដាក់ឱ្យដេញថ្លៃភាស៊ី រួមមាន៖ ភាស៊ីកំពង់ចម្លងស្រុកសៀមបូក និងភាស៊ីចំណតរថយន្ត ក្រុងស្ទឹងត្រែង ស្ថិតក្នុងខេត្តស្ទឹងត្រែង សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤។ សម្រាប់ការដេញថ្លៃមានក្រុមហ៊ុន ចំនូន ០៥បានដាក់ពាក្យដេញថ្លៃ ប៉ុន្តែដល់ពេលដេញថ្លៃស្រាប់អនុញ្ញាតឲ្យក្រុមហ៊ុន ០៤អាចចូលដេញថ្លៃ និងក្រុមហ៊ុនមូយមិនត្រូវបានអនុញ្ញាតឲ្យចូលរួមដេញថ្លៃផ្ទុះការតវ៉ា ព្រមទាំងឡាំប៉ាផ្អើលពេញបន្ទប់ដេញថ្លៃតែម្តង។
សូមរំឭកថា សម្រាប់ការដេញថ្លៃប្រមូលភាស៊ីកាលពីឆ្នាំ២០២៣ គឺ ចំណតរថយន្តបានទៅលើលោកស្រី និត ប៊ុនដាលី ដែលជាអ្នកកាន់កាប់ភាស៊ីឆ្នាំចាស់ដដែលនូវទំហំទឹកប្រាក់ជិត ៥៧ លានរៀល (៥៦,៩០០ ០០០) ដែលកើនឡើងទឹកប្រាក់ជិត ២លានរៀល បើប្រៀបធៀបឆ្នាំ ២០២២ ដែលមានទំហំទឹកប្រាក់ ៥៥, ១០០ ០០០ លានរៀល។ ចំណែកឯកំពង់ចម្លងនៅស្រុកសៀមបូកទំហំទឹកប្រាក់ ៦ ៧០០ ០០០ នៅឆ្នាំ ២០២៣ លើសឆ្នាំ ២០២២ ចំនួនទឹកប្រាក់ត្រឹមតែ ៧ សែនរៀល៕