ខេត្តព្រះសីហនុ: កាលពីព្រឹកថ្ងៃទី12 ខែធ្នូ ឆ្នាំ2023 ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដឹកនាំដោយលោក អ៊ូ មុនីកា អនុប្រធានមន្ទីរសហការជាមួយការិយាល័យ.ដនសភ. ក្រុងព្រះសីហនុ និងអាជ្ញាធរភូមិឃុំ បានចុះមកដល់ទីតាំងដីជាក់ស្ដែង និងធ្វើការវាស់វែងដោយប្រើប្រាស់ម៉ាស៊ីន DGPS Sino NGSS T 300 plus តាមការចង្អុលព្រំដីរបស់តំណាងប្រជាពលរដ្ឋចំនួន179 គ្រួសារ។
ការចុះវាស់វែងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានលិខិតបង្គាប់ការលេខ ២៣៧ លបក.ដនស/ខសន ចុះថ្ងៃទី8 ខែធ្នូ ឆ្នាំ2023 ដោយយោងតាមលិខិតបញ្ជូនលេខ១៦៥២/២៣ ដកអ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ របស់ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងយោងតាមដីកាអមលេខ៣១៥៦ ដនស/អរប/ដក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការចុះវាស់វែងនេះត្រូវបានបែងចែកជា២ក្រុម ស្មើនឹងពីរទីតាំងដី ដែលទីតាំងទី១ គឺ ក្រុមទី១ ជាអ្នកចង្អុលបង្ហាញដោយឈ្មោះ ហ៊ី រ៉ា (តំណាង) បានចំនួន 49 ចំណុចនៃទីតាំងដី ដែលមានរបងថ្មរៀបឥតព័ទ្ធជុំវិញ។ ការវាស់វែងដែលមានរបងថ្មនេះ បើតាមការបញ្ជាក់ពីលោកស្រី លុច ទូច គឺរបងថ្មនេះជារបស់ភាគីជម្លោះឈ្មោះ តាន់តាប់ និង ឡុញ វណ្ណៈ។ លោកស្រី លុច ទូច បានលើកឡើងទៀតថាដីនេះលោកស្រីបានប្ដឹងទប់ស្កាត់រួចហើយលើការចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចាប់ពីលេខ 000511,ព.ន រហូតដល់ ព.ន000526 ដែលសរុបទាំងអស់មានចំនួន16 ប័ណ្ណ។ ឯទីតាំងទី២ គឺក្រុមទី២ ជាអ្នកចង្អុលបង្ហាញដោយឈ្មោះ ហ៊ុត ហឿន (តំណាង) បានចំនួន 46 ចំណុចនៃទីតាំងដី ។ ចំណុចនៃទីតាំងទី២នេះ បើតាមលោកស្រី លុច ទូច ក៏បានបញ្ជាក់ដែរថា ជាដីរបស់លោកស្រី(តំណាងពលរដ្ឋ)បានប្ដឹងទប់ស្កាត់រួចហើយដែរលើការចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលមានលេខ B2.0666, ព.ន000330, ព.ន004962 និង ព.ន007256 សរុបមានចំនួន០៤ប័ណ្ណ។
លោកស្រី លុច ទូច ក៏បានបញ្ជាក់ទៀតថា ការចុះវាស់វែងតាមប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទាំង២០ប័ណ្ណខាងលើនេះ មិនទាន់អស់ទីតាំងដីទំនាស់នៅឡើយទេ នៅមានដីទំនាស់ជាច្រើនទៀតដែលភាគីពីរដ្ឋពុំអាចរកឃើញប័ណ្ណរបស់ភាគីទំនាស់នៅឡើយ។ លោកស្រីបន្តថា ករណីដីទំនាស់ដែលនៅសល់នេះលោកស្រីនឹងស្នើសុំមន្រ្តីជំនាញឲ្យចុះវាស់វែងបន្តទៀត។
ក្រោយការបញ្ចប់ការចុះវាស់វែងនេះ ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានអានកំណត់ហេតុនៅចំពោះមុខប្រជាពលរដ្ឋ និងបញ្ជាក់ពីចំនួនចំណុចដែលបានវាស់វែងជាក់ស្ដែង ដើម្បីដំឡើងផែនទី និងគោរពរាយការណ៍ជូនលោកប្រធានមន្ទីរដើម្បីមានមតិដឹកនាំបន្ត។
អ្នកស្រីលុចទូច តំណាងប្រជាពលរដ្ឋទាំង 179គ្រួសារ និងងប្រជាពលរដ្ឋដែលបានចូលរួមការវាស់វែងជាក់ស្ដែង បានសំដែងការសប្បាយចិត្តជាខ្លាំង និងបានសំណូមពរដល់ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ គឺលោក ចេក ស្រុង មេត្តាជួយពន្លឿនការដោះស្រាយបញ្ហានេះជូនពួកគាត់ផង។
អ្នកស្រីលុចទូច តំណាងប្រជាពលរដ្ឋ រស់នៅក្នុងភូមិ3 សង្កាត់លេខ1 ក្រុងព្រះសីហនុ បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ សូមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ទាំង179 គ្រួសារនេះផង ដែលបាននឹងកំពុងរងគ្រោះ និងរងនូវភាពអយុត្តិធម៌ជិត 20 ឆ្នាំមកហើយពីសំណាក់បុគ្គលអ្នកមានលុយ និងបុគ្គលមានអំណាចមួយចំនួន៕