កំពង់ស្ពឺ៖ អតីតមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាលស្រុកសំរោង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលធ្វើការឃាត់ជាប់ព័ន្ធករណីបង្ហោះសារលើបណ្តាញទំនាក់ទំនងវាយប្រហារ និងបរិហារកេរ្តិ៍ដោយគ្មានមូលដ្ឋាននាំឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ករណីបុគ្គលឈ្មោះ ឡុង សុភាព ភេទប្រុស អាយុប្រមាណជាង ៤០ឆ្នាំ ជាអតីតមន្ត្រីបម្រើការងារនៅការិយាល័យភូមិស្រុកសំរោងទង ត្រូវបានថ្នាក់រដ្ឋបាលសស្រុកសំរោងទង សម្តេចលុបឈ្មោះចេញពីក្រមខណ្ឌ ដោយសារប្រព្រឹត្តកំហុស និងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ បច្ចុប្បន្នមានទីលំនៅ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោង ខេត្តកំពង់ស្ពឺ ត្រូវតុលាការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ Long Spheap។
យោងតាមលិខិតអញ្ជើញលេខ: ០៦៦/២៣ របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានកោះអញ្ជើញឈ្មោះ ឡុង សុភាព ភេទប្រុស ឆ្នាំកំណើត១៩៨២ រស់នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ឱ្យចូលខ្លួនទៅការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីចូលខ្លួនបំភ្លឺករណី «បរិហាកេរ្តិ៍ជាសាធារណៈ» តាមបណ្តាញសង្គម នៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ក្រោយទទួលបានលិខិតកោះអញ្ជើញឱ្យចូលខ្លួន លោក ឡុង សុភាព អតីមន្ត្រីភូមិបាលរូបនេះ បានចូលខ្លួនទៅបំភ្លឺតាមកំណត់ និងត្រូវបានឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីមានចំណាត់ការតាមនិតិវិធីច្បាប់តែម្តង។
សូមជម្រាបថា ជនជាប់ចោទឈ្មោះ ឡុង សុភាព ជាអតីតមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាលស្រុកសំរោងទង អត្តលេខ ១៨២១២០០៦៥៧ មានឋានន្តរស័ក្តិ អនុមន្ត្រីថ្នាក់លេខ២ ត្រូវបានអភិបាលស្រុកចេញលិខិតសម្រេចលប់ឈ្មោះចេញពីក្រមខ័ណ្ឌ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារមូលហេតុប្រព្រឹត្តកំហុស ឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។ ក្រោយបណ្តេញចេញពីក្រមខ័ណ្ឌបុគ្គលរូបនេះ បានដាក់ពាក្យស្នើសុំអន្តរាគមន៍ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធដើម្បីស្នើសុំឱ្យពិនិត្យករណីនេះឡើងវិញ។
ដោយសារតែកើតទុកមិនសុខចិត្តរឿងថ្នាក់ដឹកនាំលប់ឈ្មោះចេញពីក្របខ័ណ្ឌ និងការស្នើសុំកិច្ចអត្តរាគមន៍ហាក់គ្មានលទ្ធទើបបុគ្គលឈ្មោះ ឡុង សុភាព បានបង្ហោះលើបណ្តញាសង្គមធ្វើការវាយប្រហាមកលើថ្នាក់ដឹកនាំខេត្តជាបន្តពន្ទាប់ ដោយគ្មានមូលដ្ឋាននាំឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំឈានដល់មានបណ្តឹងសមត្ថកិច្ចកោះមកសាកសួរ និងឈាន់ការឃាត់ខ្លួន ព្រមទាំងឃុំខ្លួនជាបណ្តោះអាសន្នតែម្តង។
សូមបញ្ជាក់ថា មុនពេលចាប់ខ្លួន លោក ឡុង សុភាព អតីតមន្ត្រីភូមិបាលស្រុកសំរោងទង បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Long Sopheap យ៉ាងដូច្នេះថា «ថ្ងៃនេះទទួលបានលិខិតអញ្ជើញឲ្យចូលបំភ្លឺពីបទបរិហាកេរ្តិ៍ ក្រោយបង្ហោះរឿងឈឺចាប់របស់ខ្លួនប៉ុន្មានថ្ងៃចុងក្រោយនេះ។ ចំណែកខ្ញុំរងគ្រោះដោយភាពអយុត្តិធម៌ ០២ឆ្នាំ ខិតខំស្វែងរកកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយទៅដល់ថ្នាក់ក្រសួងហើយត្រឡប់មកខេត្តកំពង់ស្ពឺវិញជិត ១ឆ្នាំហើយអត់មានអ្នកហៅឲ្យចូលបំភ្លឺ»។
បច្ចុប្បន្នជនជាប់ចោទឈ្មោះ ឡុង សុភាព ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្នរួចរាល់ហើយ៕