(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ និងអំពាវនាវដល់សាធារណជនមេត្តាកុំរើសអើងពួកគាត់ និងរួមគ្នាលុបបំបាត់ការឆ្លងជំងឺអេដស៍បន្តទៀត។
ការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្តកណ្តាល បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។
ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកទឹកចិត្តដល់បងប្អូនដែលកំពុងផ្ទុកមេរោគ សូមកុំបាក់ទឹកចិត្ត តែត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ញ៉ាំថ្នាំតាមវេជ្ជបញ្ជា ហាត់ប្រាណឱ្យបានទៀងទាត់ គិតវិជ្ជមាន និងត្រូវចេះរស់នៅប្រកបដោយសេចក្ដីសុខ។
ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអ្នកផ្ទុកមេរោគអេដស៍ និងក្មួយៗយុវជនកាកបាទក្រហម ដោយក្តីនឹករឭកបំផុត។អភិបាលខេត្ត បានបន្តថា ជារៀងរាល់ឆ្នាំ ខេត្តកណ្ដាល តែងតែរៀបចំការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ជាទៀងទាត់ ហើយឆ្នាំ២០២៣នេះ ជាខួបលើកទី៣០ ដែលការប្រារព្ធទិវានេះ គឺធ្វើឡើងក្នុងគោលបំណង បង្ហាញការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងនោះយើងរំឭកពីការផ្តល់នូវការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ រំឭកនូវការសោកស្ដាយចំពោះ អ្នកស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំឭកដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចងចាំពីគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំងអស់គ្នាឈានទៅលុបបំបាត់ ការឆ្លងរីករាលដាលមេរោគអេដស៍ រួមចំណែកក្នុងការអភិវឌ្ឍមនុស្សជាតិ។
លោកវេជ្ជបណ្ឌិតគួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឱ្យដឹងថា យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការ UNAIDS បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍មានប្រមាណ ៧៦,០០០នាក់។ ដោយឡែកក្នុងខេត្តកណ្តាលមានប្រមាណ ៥,៣៣៦នាក់។ ក្នុងនោះអ្នកមកធ្វើតេស្ត៍ឈាម និងបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ របស់ខ្លួនមានចំនួន ៦៧,៣៨៣នាក់ ស្មើនឹងប្រមាណ៨៦ភាគរយ (ដោយឡែកខេត្តកណ្តាលសម្រេចបានប្រមាណ៨៩ភាគរយ)។
ជាមួយគ្នានេះ ៩៩ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ខេត្តកណ្តាលសម្រេចបាន១០០ភាគរយ)។ ៩៨ភាគរយ នៃអ្នកដែលបានទទួលការព្យាបាល ត្រូវបានពិនិត្យឃើញថាមានការកាត់បន្ថយចំនួនមេរោគមកនៅកម្រិតទាបបំផុត (ខេត្តកណ្តាល ក៏សម្រេចបាន៩៨ភាគរយដូចគ្នាដែរ)៕