ភ្នំពេញ៖ លោក កឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងារអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការ ក្រោយធ្លាយរឿងអាស្រូវគាបស៉ីលុយក្រុមហ៊ុនលក់ស្រា ១០ម៉ឺនដុល្លារ។
នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត/១២២៣/២៦០១ របស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលអង្គភាព MSJ TV ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង ឯកឧត្តម កឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
សូមជម្រាបថា នៅថ្ងៃទី០៨ ខែធ្នូនេះ ពាក្យបណ្តឹងរបស់មេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុបប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បានបែកធ្លាយដល់ក្រុមអ្នកសារព័ត៌យកទៅចុះផ្សាយព្រោងព្រាត «ទាមទាមឱ្យលោកអនុរដ្ឋលេខាធិការប្រគល់ស្រា ចំនួន ៤៨ដប ដែលក្រុមការងារបានដកហូតព្រមទាំងស្នើសុំឱ្យប្រគល់ប្រាក់ ចំនួន ១០ម៉ឺនដុល្លារ ឱ្យកូនក្តីរបស់ខ្លួនវិញ ដែលបានយកក្នុងអំឡុងពេលចុះប្រតិបត្តិការចុះឆែកឃ្លាំងស្តុបទំនិញមួយកន្លែង និងស្នើសុំឲ្យមានចំណាត់តាមផ្លូវច្បាប់ផងដែរ»។
លោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប បានសំណូមពរស្នើសុំដល់ឯកឧត្តមអគ្គាធិការ ដូចខាងក្រោម៖
១- ស្នើសុំឱ្យ ឯកឧត្តម គឹម ជាតិ ប្រគល់ស្រា ចំនួន ៤៨ដប ដែលបានដកហូតក្រុមហ៊ុនវិញ។
២- ស្នើសុំឱ្យ ឯកឧត្តម គឹម ជាតិ ប្រគល់ប្រាក់ ចំនួន ១០០ ០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ឱ្យមកក្រុមហ៊ុនកូនក្តីគាត់វិញ។
ទី៣- ស្នើសុំឱ្យ ឯកឧត្តម អគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះ ឯកឧត្តម គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។
ពាក់ព័ន្ធករណីនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើការឆ្លើយតប នឹងករណីពាក្យប្ដឹងលើ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ឋៃ ជាអនុប្រធានក្រុមការងារអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ពីសំណាក់មេធាវីតំណាងឱ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប ប្តឹងទាមយកស្រា ចំនួន ៤៨ដប និងលុយ ១០ម៉ឺនដុល្លារមកវិញ គឺ «ពាក់ព័ន្ធរឿងព្រហ្មទណ្ឌច្រើនហើយសំណុំរឿងនេះ បានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ ធ្វើស្រាវជ្រាវ និងស៊ើបអង្កេតតាមជំនាញរួចរាល់ហើយ រងចាំតែលទ្ធផលប៉ុណ្ណោះ»។
លោក ទូច សុឃៈ បានបញ្ជាក់បន្ថែមទៀតថា «អញ្ចឹងសំណុំរឿងនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានឯកភាពរុញទៅឲ្យអគ្គស្នងការនគរបាលជាតិ ជាអ្នកអនុវត្តបន្ត បច្ចុប្បន្នកំពុងស្ថិតក្នុងដៃអគ្គស្នងការនគរបាលជាតិ កំពុងបំពេញនិតិវិធី បែបបទស្របតាមនិតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែលទ្ធផលអត់ទាន់អាចនិយាយបាននោះទេ ព្រោះការស៊ើបអង្កេតបន្តនិវិធីត្រូវការពេលវេលា ប្រមូលភស្តុតាង សាក្សីឲ្យបានល្អិតល្អន់រួចទើបធ្វើរបាយសំយោគគោរពរាយការណ៍ជួនមក ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចព្រមទាំងមានចំណាត់ការបន្តបន្ទាប់ទៀត»។
ពាក់ព័ន្ធរ៉ាវអំពើពុករលួចពេលចុះប្រតិបត្តិរបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ ក្រោយមានបណ្តឹងលោក កឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចេញរបាយការណ៍បំភ្លឺផងដែរ ប៉ុន្តែសេចក្តីបំភ្លឺនោះហាក់ផ្ទុយពីពាក្យបណ្តឹងរបស់មេធាវីតាមណាងក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប ដោយមិនបានបកស្រាយអំពីរឿងយកស្រាអស់ ៤៨ដប និងលុយចំនួន ១០ម៉ឺនដុល្លារ និយាយតែអំពីនិតិវិធីចុះប្រតិបត្តិការប៉ុណ្ណោះ ដោយទំលាក់លើទៅលើតំណាងអយ្យការស្ទើទាំងស្រុង។
ជុំវិញករណីនេះ មហាជនរងចាំមើលថា វាសនាលោក កឹម ជាតិ ក្រោយបញ្ចប់មុខតំណាងពីអនុរដ្ឋលេខាធិការ ដែលជាតំណែងនយោបាយនោះ អាចនឹងប្រឈមមុខការជ្រុះផ្កាយ៣ ឬមានទោសទណ្ឌដែរឬទេ៕