2023-12-25 10:12
245

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាអ្នកបើកបររថយន្ត Jeep Overland បង្កគ្រោះចរចរណ៍បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែង និងព្យាយាមរត់គេចខ្លួន ត្រូវបានលោក ហុង ម៉ារីណិច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។ 

 តាមដីកាបង្គាប់ឲ្យឃុំរបស់ លោក ហុង ម៉ារីណិច ចៅក្រមស៊ើបសួរ បានឲ្យដឹងថាៈ ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា (កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០០) ជនជាតិខ្មែរ ទីកន្លែងកំណើតនៅផ្ទះលេខ ៥២ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សាសនាព្រះពុទ្ធ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ ៥២ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនិស្សិត ឪពុកឈ្មោះ ព្រហ្ម វិចិត្រសុភា និងម្តាយឈ្មោះ សុខ លីណា នៅលីវទោសពីមុនគ្មាន កម្រិត វប្បធម៌កំពុងសិក្សាថ្នាក់អនុបណ្ឌិតជានីតិជន។ 

 ក្នុងដីការបញ្ជាក់ថាៈ ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិន គោរពកាតព្វកិច្ច» ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ និង បទៈ «រត់គេចខ្លួន» ប្រព្រឹត្តនៅចំណុច ផ្លូវលេខ ៣១៧ ប្រសព្វផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣ តាមមាត្រា ៨៥ នៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

 សូមជម្រាបថា នៅរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ លោក ប៉េង ម៉េងគ័ង ក្រុមអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាៈ «ករណីនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តំណាងអយ្យការនៅឡើយ។ ចំពោះចំណាត់ការចុងក្រោយបែបណាលោកនឹងជូនព័ត៌មានបន្ថែមនៅពេលក្រោយ»។ 

 ក្រុមអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនបន្ថែមថាៈ មកដល់ពេលនេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើ ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ពីបទៈ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច» ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ និង បទៈ «រត់គេចខ្លួន» តាមមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌរួចហើយ។ 

 កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឪពុក ម្តាយ ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាអ្នកបើកបររថយន្ត Jeep Overland ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CB-9963 បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យជនរងគ្រោះស្លាប់ កាល​ពី​យប់​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ កន្លងទៅ បាននាំកូនរបស់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសារភាពកំហុស។ 

 លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា «ឪពុក ម្តាយ និងសាម៉ីខ្លួនបាននាំ និងប្រគល់ខ្លួនជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់»។ 

លោកស្នងការបញ្ជាក់ថាៈ «ពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់»។ 

 ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ 

 អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ថាៈ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤»។ 

 លោកបន្ថែមទៀតថា «ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន»។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ រូបនោះ បានបញ្ជាក់ថាៈ «ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត»។ 

 បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាអ្នកបើកបររថយន្ត Jeep Overland បង្កគ្រោះចរចរណ៍បណ្តាលឲ្យជនរងគ្រោះស្លាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ PJ