2023-12-25 04:12
312



  ខេត្តបាត់ដំបង៖​ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣​ បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណ  អធិបតីក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និង អង្គវិបស្សនាគម្រោង USESDP-2 STEP UP និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកក្រសួង ប្រធានមន្ទីរ រាជធានី-ខេត្ត  មន្ត្រីក្រោមឱវាទក្រសួងជាច្រើន រូបផងទៀតផងដែរ ។

 ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអប់រំយុវជន និងកីឡា តាមរយៈគម្រោង USESDP 2 និងគម្រោង STEP UP បាន រៀបចំប្រកាសដាក់ឲ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និងអង្គវិបស្សនានេះឡើង ក្នុងគោលបំណងសំខាន់បីគឺ៖ ១)ការប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះ ទូទៅសាធារណៈគំរូ និងយន្តការអនុវត្ត ២)ការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ គម្រោង USESDP 2 និងគម្រោង STEP UP ៣)ការបញ្ចូលវិធីសាស្ត្របង្រៀនសាលាជំនាន់ថ្មីទៅក្នុង សាលារៀនគំរូ។

 

មានប្រសាសន៍ក្នុងឱកាសនេះបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ពីអនុសាសន៍របស់ ម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ 

ទី១).ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីល ធម៌ និងឥរិយាបថ របស់សិស្ស, 

 

ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន,

ទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ។ បន្ថែមពីលើនេះ ក្រសួងអប់រំ ក៏បានកំណត់អាទិភាពចំនួន ៤ បន្ថែមទៀត គឺទី៥).ការអប់រំឌីជីថល, ទី៦).ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៧).ការកសាងប្រព័ន្ធនិងការ អភិវឌ្ឍសមត្ថភាព, និង ទី៨) ការអភិវឌ្ឍការអប់រំកាយនិងកីឡា។

ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយចាត់ទុកថាគ្រូបង្រៀននៅកម្ពុជានឹង ត្រូវទទួលបានការជឿទុកចិត្តនិងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង ពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។

 ការពង្រឹងអភិបាលកិច្ចសាលារៀន៖

ការពង្រឹងអភិបាលកិច្ចសាលារៀនមានគោលដៅកែលម្អលទ្ធផលសិក្សារបស់សិស្សផ្លាស់ប្តូរវប្បធម៌សាលារៀន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

 ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ ម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។

 ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស។

 ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ ។

ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ ចេញនាពេលកន្លងមក ដោយបញ្ជ្រាបចំណុចគន្លឹះទាំង៤ខាងលើទៅក្នុង “ស្តង់ដាសាលារៀន គំរូ” ចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា រួមមាន៖

 ស្តង់ដាទី១ ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស

 ស្តង់ដាទី២ ផ្តោតលើ ការបង្រៀននិងរៀន

 ស្តង់ដាទី៣ ផ្តោតលើ ការចូលរួមរបស់សហគមន៍

 ស្តង់ដាទី៤ ផ្តោតលើ ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន

 ស្តង់ដាទី៥ ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន។

ក្រសួងក៏នឹងបង្កើតក្រុមការងារវាយតម្លៃសាលារៀន ដើម្បីចុះវាយតម្លៃសាលារៀន ជា២ ដំណាក់កាល៖ 

 ដំណាក់កាលទី១ នៅត្រឹមខែមេសា ឆ្នាំ២០២៣ ក្រសួងនឹងជ្រើសរើសសាលា រៀនគំរូ ប្រមាណ ៥០ (ក្នុងនោះ សាលាមធ្យមសិក្សាប្រមាណ ២០ទៅ៣០ សាលា) ដែលមាន ឧត្តមានុភាពស្រាប់ ដូចជា៖

 សាលារៀនដែលបានជួយដោយគម្រោង ដូចជាពេលនេះមាន USESDP-II,STEP UP, GEIP

 សាលារៀនដែលបានការគាំទ្រពីដៃគូអភិវឌ្ឍ 

 សាលារៀនដែលទទួលបានមូលនិធិអភិវឌ្ឍន៍ 

 សាលារៀនដែលម្ចាស់ការក្នុងការអភិវឌ្ឍ សាលារៀនដែលជាប់ចំណាត់ជាសាលាល្អ កន្លងមក

 សាលារៀនជំនាន់ថ្មី

 សាលារៀនដែលមានលទ្ធផលល្អ ដោយឈរលើលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ (សាលាមានសិស្សនិទ្ទេស A, B, C និងសាលា មានលទ្ធផលស្មើ ឬខ្ពស់ជាងលទ្ធផលថ្នាក់ជាតិ)

 ដំណាក់កាលទី២ គិតត្រឹមឆ្នាំ២០២៤ ដល់ ២០២៦ ក្រសួងនឹងចុះជួយ និងវាយតម្ល សាលាប្រមាណ ៥០០ ទៅ ១០០០ សាលា ក្នុងនោះ សាលាមធ្យមសិក្សាប្រមាណ៨០០ផងដែរ។

បណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារក៏ដូចជាដៃគូអភិវឌ្ឍដែលបាន សហការ គ្នាយ៉ាងល្អ ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈគម្រោង គាំទ្រនានា។សូមថ្លែង អំណរគុណដល់ធនាគាអភិវឌ្ឍន៍អាស៊ី និងធនាគារ ពិភពលោក ដែល តែងតែជួយគាំទ្រ និងផ្តល់ហិរញ្ញប្ប ទានជួយដល់ការអភិវឌ្ឍន៍វិស័យអប់រំជាបន្តបន្ទាប់។ ជាក់ស្ដែង គម្រោង STEP UP, USESDP-II, World Bank គឺជាការវិនិយោគបន្ត ក្នុងគោលដៅ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការអប់រំកម្រិតមធ្យមសិក្សា និងជាការកសាងបន្តនូវ សមិទ្ធផល ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងយកចិត្ត ទុកដាក់ក្នុងការធ្វើកំណែទម្រង់សាលារៀន៕