ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើងថា មន្ត្រីនាំពាក្យធ្វើការងារស្និទ្ធ នឹងថ្នាក់ដឹកនាំស្ថាប័ន និងមន្ត្រីទំនាក់ទំនងសាធារណៈ ដើម្បីបញ្ចេញព័ត៌មានតាមរយៈសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ ដោយធានាថា សាធារណជនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ នាឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាស្តីពី “ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណមតិ” ដែលរៀបចំដោយក្រសួងយុត្តិធម៌។ លោករដ្ឋមន្ត្រីបានលើកឡើងពីតួនាទីសំខាន់របស់មន្ត្រីនាំពាក្យ ដែលជាបុគ្គលធ្វើការប្រមូលព័ត៌ទាក់ទងនឹង ស្ថាប័នខ្លួនដើម្បីផ្សព្វផ្សាយទៅសាធារណជន និងគ្រប់គ្រងសាធារណមតិសម្រាប់ស្ថាប័នខ្លួន។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការធ្វើទំនាក់ទំនងជាមួយ ស្ថាប័ន សារព័ត៌មាន ដើម្បីផ្សព្វផ្សាយគឺជារឿងចាំបាច់ ដោយមិនត្រូវឱ្យព័ត៌មានមិនពិត ដឹកមុខ ហើយត្រូវមានការបកស្រាយពន្យល់ឱ្យបានលឿនតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើងនូវគន្លឹះសំខាន់នៃទំនាក់ទំនងសាធារណៈ ដែលក្នុងនោះ ទី១. ទំនាក់ទំនងជាមួយសហគមន៍ និងសាធារណជន ទី២. ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មាន ហើយការធ្វើទំនាក់ទំនងគឺក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកការយល់ដឹងពីគ្នាទៅវិញទៅមក កាត់បន្ថយការយល់ច្រឡំរវាងគ្នា និងបង្កើនសហប្រតបត្តិការរវាងគ្នារវាងស្ថាប័ន និងមជ្ឈដ្ឋានខាងក្រៅ៕