2024-01-29 09:01
127

ភ្នំពេញ៖ បុរសវ័យចំណាស់ជាកសិករម្នាក់ ត្រូវបានក្រសួងសុខាភិបាល ប្រកាសរកឃើញមានផ្ទុកវីរុសផ្តាសាយបក្សី (H5N1) ក្នុងស្រុកពួកខេត្តសៀមរាប ។ នេះបើយោងតាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលក្រុមការងារ msj tv ទទួលបាននារសៀល ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះ ។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ០១ករណីទៀត កើតលើបុរសអាយុ ៦៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា «វិជ្ជមានវីរុស» ផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ដែលមានទីលំនៅក្នុង ភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ បច្ចុប្បន្នអ្នកជំងឺទទួល បានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ 

តាមការសាកសួររបស់ក្រុមមន្ត្រីជំនាញផ្នែកសុខាភិបាល បានបង្ហាញថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ប្រហែល៥០-៦០ក្បាល និងមានមាន់ងាប់ជាបន្តបន្ទាប់ប្រហែល ២សប្តាហ៍មកហើយ ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និង បន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈ ដូចជា៖ ក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់ទាន់ពេលវេលា ។

ចំពោះវិធានការបង្ការ មានសារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ ៕