2023-05-18 10:05
409


រុក្ខជាតិ និងផ្កាមួយចំនួន ត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុដែលអាចជួយកាត់បន្ថយបញ្ហាសម្ពាធផ្លូវចិត្ត ដូចជាភាពតានតឹង ការធុញថប់បារម្ភ បញ្ហាបាក់ទឹកចិត្ត បញ្ហាដំណេក។ល។
រុក្ខជាតិ និងផ្កាទាំងបួនប្រភេទ មានដូចជា៖ 


១. ប្រទាលកន្ទុយក្រពើ (Aloe Vera)៖ រុក្ខជាតិនេះភាគច្រើន ត្រូវបានគេយកទៅផលិតជាគ្រឿងសម្អាង និងព្យាបាលការរលាកលើស្បែកជាដើម។ ប៉ុន្តែយោងតាមការការស្រាវជ្រាវមួយរបស់ Nutrition Neuroscience បានបង្ហាញថា ប្រទាលកន្ទុយក្រពើអាចជួយកម្ចាត់នូវសារធាតុពុលចេញពីក្នុងខ្យល់ ជួយពង្រឹងការចងចាំ ជួយកាត់បន្ថយជំងឺបាក់ទឹកចិត្ត និង បញ្ហាថប់បារម្ភបានផងដែរ។
២. ផ្កាឡាវេនដឺ (Lavender) ៖ ទស្សនាវដ្ដី Medical News Today បានសរសេរថា ក្លិនរបស់ផ្កាឡាវេនដឺរផ្ដល់សារប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្តដូចជា ជួយព្យាបាលបញ្ហាថប់អារម្មណ៍ ដោះស្រាយបញ្ហាគេងមិនលក់ បញ្ហាបាក់ទឹកចិត្ត និង អារម្មណ៍ឡេះឡះផងដែរ។
៣. ផ្កាម្លិះ (Jasmine)៖ អត្ថបទមួយរបស់ ដឺថេឡេក្រាហ្វ (The Telegraph) បានបង្ហាញថាក្លិនក្រអូបប្រហើររបស់ផ្កាម្លិះមានផ្ទុកសារធាតុ ដែលជួយឱ្យយើងអាចគេងលក់ស្រួល ហើយអាចយកទៅប្រើប្រាស់ជំនួសថ្នាំងងុយគេងបាន។ ដូច្នេះបើលោកអ្នកមានបញ្ហាក្នុងការគេង លោកអ្នកអាចសាកដាក់ផ្កាម្លិះនៅលើតុក្បែរក្បាលដំណេកបានជារៀងរាល់យប់។
៤. ប្រទាលពស់ (Snake Plant)៖ ការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងទំព័ររបស់ សកលវិទ្យាល័យ ហារើដ (The Harvard Extension) បានបង្ហាញថា ប្រទាលពស់គឺរុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិផ្សេងទៀតដែលផលិតអុកស៊ីសែនបានច្រើនជាងគេ។ រុក្ខជាតិប្រភេទនេះល្អបំផុតសម្រាប់ការដាក់ក្នុងការិយាល័យធ្វើការ គេហដ្ឋាននិងបន្ទប់គេងរបស់អ្នក ព្រោះវាជួយកម្ចាត់សារធាតុពុលចេញពីក្នុងខ្យល់ ជួយកាត់បន្ថយការឈឺក្បាល និង បញ្ហាថប់ដង្ហើមផងដែរ៕