
ភ្នំពេញ៖ បណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេសទាំងក្នុងក្របខណ្ឌអាស៊ាន និងប្រទេសមហាអំណាចប្រចាំកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធ ចំនួន ១៣ ប្រទេស នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានចុះទៅឃ្លាំមើល និងពិនិត្យលើទីតាំងជាក់ស្តែងដែលកើតមានបញ្ហាជម្លោះដោយប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ក្រសួងការពារជាតិដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ចំនួន ១៣ ប្រទេស ដើម្បីចុះទៅឃ្លាំមើលទីតាំង បញ្ហាភាពជាក់ស្តែងលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តបទឈប់បាញ់របស់កម្ពុជា»។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «យើងបានកំណត់ថ្ងៃរួចរាល់ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នឹងជួបប្រជុំជាមួយគ្នានៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដែលជាកិច្ចប្រជុំ JBC ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ»៕




