
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងរយៈ៥ថ្ងៃកន្លងទៅ បានបណ្តាលឱ្យមានយោធិនពលី រងរបួស ពិការ និងប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវក្លាយជាជនភៀសសឹងមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន»។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា សម្រាបយោធិន និងនគរបាលជាតិ ដែលពលី របួស ពិការដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិមុខ គ្រួសារយោធិ និងនគរបាលជាតិ ពលី របួស និងពិការ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ និងអនុវត្តកញ្ចប់ថវិការជាគោលនយោបាយសម្រាប់គ្រួសារឱ្យបានសមរម្យ។
នេះបើតាមការបញ្ជាក់ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យបានបន្ថែមថា ចំពោះកងនគរបាល និងយោធិ ពលី របួស និងពិការ ដែលបំពេញប្រតិបត្តិការក្នុងសមរភូមិ មិនអាចបំពេញភារកិច្ចបានបន្តទៀត រាជរដ្ឋាភិបាល និងផ្តល់សាច់ញាតិបង្កើតរបស់គាត់ ០១រូប ឱ្យចូលបម្រើការងារ បម្រើប្រទេសជាតិក្នុងអង្គភាពដែលគាត់បានបំពេញភារកិច្ចមុន ពលី របួស និងពិការ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា៖ «ចំពោះកងនគរបាលជាតិ យោធិន ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី ពិការ និងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹក រាជរដ្ឋាភិបាលបានយកចិត្តទុករៀបចំកិច្ចអន្តរាគមន៍គាំទ្រ និងអំពាវនាវដល់សមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកដល់ពួកគាត់ដែលកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាក្រុមគ្រួសារយោធិន និងជនភៀសសឹកក្នុងពេលនេះ»៕




