2025-07-30 14:50
21

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ វត្តមានរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ បានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជា ធ្វើឡើងនៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ខណៈលោកបានទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដាកន្លមកនេះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ «វត្តមានរបសើនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ គឺបានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព»។ 

ក្រសួងការពារជាតិសង្ឃឹមថា ក្រោមការសម្របសម្រួល ដោយប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិននឹងធ្វើឱ្យសន្តិភាព វិលត្រឡប់មកដូចដើមវិញ៕