
បាងកក៖ ជើងយន្តឯកជនរបស់មហាសេដ្ឋីថៃ លោក ថាក់ស៊ីន ជាអឌិតនាយករដ្ឋមន្ត្រីផងនោះ មិនបានចុះចតនៅព្រលាយន្តហោះប្រទេសសឹង្ហបូរី ដូចការគ្រោងទុកឡើយ គឺបានប្តូរផ្លូវហោះហើរឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម និងបានចុះចកដោយសុវត្ថិភាព។
តាមប្រព័ន្ធឃោសនាថៃ Khasosod បានចេញផ្សាយព្រឹកថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នេះថា យន្តឯកជនរបស់លោក ថាក់ស៊ីន ឪពុកបង្កើតលោកស្រី ផែថងថាន អតីតនាយករដ្ឋមន្ត្រីទើបដកតំណែងបានចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីនោះទេ។
នៅលើបណ្តាញទំនាក់ទំនងសង្គម X លោក ថាក់ស៊ីន បានសរសេរថា៖ «នៅពេលដែលលោកចាកចេញពីប្រទេសថៃ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ដំណើរ និងសាកសួរនាំអស់រយៈពេលប្រមាណ ២ម៉ោង ទើបធ្វើឱ្យជើងយន្តហោះរបស់លោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជននៅប្រទេសសិង្ហបុរីបានដែលបិទនៅម៉ោង១០យប់។ ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅកាន់ឌូបៃតែម្តង»។
មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ជាអឌិតនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងថា «លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី០៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ»។
តាម Flightradar24 បានឱ្យដឹងថា យន្តហោះ ០១គ្រឿង ប្រភេទ Bombardier Global 7500 ជាយន្តហោះឯកជនរបស់ លោក ថាក់ស៊ីន បានហោះចេញពីព្រលានយន្តហោះដនមឿង សំដៅទៅសិង្ហបុរី ប៉ុន្តែមុនដល់សិង្ហបុរីបន្តិច ក៏បានបត់ក្បាលសំដៅទៅទិសខាងលិចឆៀងខាងជើង ហើយហោះវិលវល់ជាច្រើនជុំនៅពីលើសមុទ្រ មុននឹងហោះសំដៅទៅក្នុងទិសដៅមជ្ឈិមបូព៌ា។
អ្នកតាមដានស្ថានការណ៍នយោបាយថៃ បាននិយាយថា ចំពោះការសន្យាថានឹងវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសថៃវិញ ដើម្បីស្តាប់សាលាក្រមតុលាការកំពូលថៃ ត្រូវបានគេមើលឃើញថា មិនប្រាកប្រជានោះទេ ព្រោះប្រសិនតុលាការកាត់ទោសឱ្យលោកថាក់ស៊ីនជាប់គុក ហើយប៉ូលិសចាប់ខ្លួនផ្ទៃក្នុងប្រទេសថៃនឹងរង្គោះរង្គើកាន់តែខ្លាំង ឈានផ្ទុះបាតុកម្មតវ៉ាទាមទាមិនខាន៕

