2025-09-06 10:50
14

បាងកក៖ បន្ទាប់ពី លោក Anutin Charnveerakul ទើបតែក្លាយជានាយករដ្ឋមន្រ្តីទី៣២ ថ្មីរបស់ប្រទេសថៃ ក្រោយការបោះឆ្នោតពីសភាកាលពីថ្ងៃទី៥ កញ្ញា ម្សិលមិញនេះ ក្នុងនោះគេឃើញថា អតីតនាយករដ្ឋមន្រ្តី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ហាក់មិនអស់ចិត្តជាមួយនឹងការសម្រេចរបស់តុលាការធម្មនុញ្ញ ក្នុងការដកលោកស្រីចេញពីតំណែង។

អតីតនាយរដ្ឋមន្រ្តីខាងលើ ហាក់បង្ហាញពីការចិញ្ចឹមចិត្តប្រយោលលើបណ្ដាញសង្គមផ្លូវការរបស់លោកស្រី ជុំវិញការប្ដេជ្ញាចិត្ត ក្នុងការបន្តដឹកនាំបក្សរបស់ខ្លួន ដើម្បីប្រគួតប្រជែងបន្តទៅទៀត។

"អ្វីដែលយើងមិនបោះបង់ចោលគឺក្តីសង្ឃឹម ឱកាស និងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ។ ចាប់ពីថ្ងៃនេះទៅ យើងនឹងលះបង់ខ្លួនដើម្បីបម្រើបក្សប្រឆាំង ពិនិត្យការងាររបស់រដ្ឋាភិបាល និងធានាថានីតិវិធីសភាបន្តស្របតាមគោលការណ៍ប្រជាធិបតេយ្យ។" នេះជាសំណេរដែល លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានសរសេរបង្ហោះលើបណ្ដាញសង្គម បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបង្ហាញពីការទទួលតំណែងនាយករដ្ឋមន្ត្រីថ្មី។

លោកស្រីបន្ថែមថា ខណៈពេលដែលគណបក្សភឿថៃមិនមានទំនួលខុសត្រូវចំពោះអ្វីដែលរដ្ឋាភិបាលថ្មីអាចធ្វើបាន គណបក្សខ្លួននៅតែទទួលខុសត្រូវចំពោះប្រជាជន ដោយមានការយកចិត្តទុកដាក់ និងស្មារតីរបស់ភឿថៃដឹកនាំសកម្មភាពរបស់ខ្លួន៕