2025-09-06 12:20
19

ថៃ៖ សម្ពាធកើនឡើងពីវិបត្តិនៃការជឿទុកចិត្ត និងការបង្កើតគោលនយោបាយជាប់គាំង កំពុងជំរុញប្រទេសថៃ ឆ្ពោះទៅរកការធ្លាក់ចុះនៃទំនុកចិត្តអាជីវកម្ម និងការវិនិយោគចាប់ផ្ដើមធ្លាក់ចុះក្នុងប្រទេសនេះ។ 

សាស្ត្រាចារ្យ អាត ពិសាលវ៉ានិច អ្នកប្រាជ្ញឯករាជ្យ និងជាអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន លើកឡើងថា បើទោះបីជាប្រទេសថៃបានតែងតាំងនាយករដ្ឋមន្ត្រីថ្មីក៏ដោយ ប៉ុន្តែភាពចលាចលនយោបាយក្នុងប្រទេសនេះ ទំនងជាឈានដល់ការរំលាយសភានិងការបោះឆ្នោតសកលថ្មី។ 

លោកបានព្រមានថា អស្ថិរភាពបច្ចុប្បន្នក្នុងប្រទេសថៃបង្កហានិភ័យធំៗពីរ៖ ការថយចុះទំនុកចិត្តអតិថិជន និងវិនិយោគិន និងលទ្ធភាពនៃការវាយតម្លៃឥណទានរបស់ប្រទេសថៃត្រូវបានបន្ទាបចំណាត់ថ្នាក់។

គួរឲ្យដឹងថា កាលពីដើមខែមេសា កន្លងទៅ ក្រុមហ៊ុន Moody's Ratings បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសថៃមកនៅ Baa1 ហើយក្រុមហ៊ុននេះបានកែប្រែទស្សនវិស័យរបស់ខ្លួនទៅជា "អវិជ្ជមាន" លើប្រទេសថៃវិញ។ 

ខណៈនេះ ប្រទេសថៃកំពុងប្រឈមនឹងការធ្លាក់ចំណាត់ថ្នាក់បន្ថែមទៀត ដែលលើកនេះដោយសារតែអស្ថិរភាពនយោបាយក្នុងស្រុក។ 

ភាពអវិជ្ជមានបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនដោយផ្ទាល់ និងរារាំងកំណើនសេដ្ឋកិច្ចក្នុងប្រទេសនេះផងដែរ។ 

ការធ្លាក់ចំណាត់ថ្នាក់របស់ប្រទេសថៃ ធ្វើឲ្យទាំងរដ្ឋាភិបាល និងវិស័យឯកជនប្រឈមនឹងការចំណាយលើការខ្ចីប្រាក់កាន់តែខ្ពស់ ព្រោះអ្នកឱ្យខ្ចីនឹងទាមទារអត្រាការប្រាក់ខ្ពស់ដើម្បីប៉ះប៉ូវហានិភ័យប្រទេសដែលកំពុងកើនឡើង៕