
ថៃ៖ ការសែតថៃ Khaosod ចុះផ្សាយនាថ្ងៃទី០៦ កញ្ញានេះ ថា បុរសម្នាក់សង្ស័យមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីជាប្រពន្ធរបស់ទាហានជើងទឹកម្នាក់ ទើបបុរសជាសាហាយស្មន់កើតចិត្តប្រច័ណ្ឌ ឈានដល់ការតាមចាញ់សម្លាប់ដល់ក្នុងផ្ទះរបស់ទាហានជើងទឹកតែម្ដង។
បើតាមសំដីរបស់ស្រី្តជាប្រពន្ធរបស់ទាហានជើងទឹកបានឲ្យដឹងថា ខណៈដែលនាងកំពុងតែងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែលឺសូរស្នូរកំភ្លើងបាញ់ប្រហែល ៥ទៅ៦ គ្រាប់ រួចនាងចេញមកក៏ប្រទះឃើញប្ដីរបស់នាងត្រូវបានខ្មាន់កំភ្លើងបាញ់សម្លាប់បាត់ទៅ។
នាងបានបន្តថា កន្លងមកឃាតករតែងតែគម្រាមបាញ់សម្លាញ់នាងជាច្រើនដងមកហើយ មុននិងឈានដល់ការបាញ់សម្លាញ់ប្តីរបស់នាង។
ករណីបាញ់សម្លាប់នេះបានកើតឡើងនៅវេលាម៉ោង១០:៤៥នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ស្ថិតនៅស្រុល Phunphin ខេត្ត Surat Thani ។ ជនរងគ្រោះឈ្មោះ ណាផាត អាយុ៣៨ឆ្នាំ ជាមន្ត្រីទាហានថ្នាក់ទី១ ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹក Thap Lamu ក្នុងខេត្ត Phang Nga ហើយតែងតែវិលត្រឡប់មកផ្ទះវិញនៅថ្ងៃសុក្រ និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍។
ក្រោយពេលកើតហេតុ ឃាតករបានជិះរថយន្តរត់គេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងតែបើកការបើកការស៊ើប និងតាមប្រម៉ាញ់ជនសង្ស័យ ករណីនេះត្រូវបានដាក់ការសង្ស័យជាប់ពាក់ព័ន្ធនិងរឿងស្នេហាត្រីកោណ៕
