2025-09-06 11:06
16

ភ្នំពេញ៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៨ កញ្ញា កម្ពុជាទទួលរងឥទ្ធិពលព្យុះទី១៥ ធ្វើឱ្យតំបន់មួយចំនួន អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីដល់៦០% 

បើតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៦ កញ្ញានេះ កម្ពុជាបន្តទទួលរងសម្ពាធទាបខាងកើតនៅសមុទ្រចិនខាងត្បូង វិវត្តន៍ខ្លួនទៅជាព្យុះទី១៥ ឈ្មោះ ប៉ីផាស (peipah) មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា ។ បើតាមការបញ្ជាក់ ព្យុះទី១៥ ឈ្មោះ ប៉ីផាស មិនសូវមានឥទ្ធិពលមកលើកម្ពុជាខ្លាំងទេ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នឹងធ្វើឱ្យ៖

១.តំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

២.តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសបស្ចិម និងពាយ័ព្យមានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

៣.តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន និងប្រិយមិត្តរបស់ MSJ TV មេត្តាជ្រាបព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូទដែលអាចកើតមានដោយយថាហេតុ ៕